សន្ដិសុខសង្គម

ក្រុមចោរឆក់កាបូបពីស្រ្តីចិនម្នាក់ បណ្តាលឱ្យដួលសន្លប់ស្តូកស្តឹង

ភ្នំពេញ៖ស្រ្តីជនជាតិចិនម្នាក់ត្រូវក្រុមចោរជិះម៉ូតូ៣គ្រឿងឆក់យកកាបូបលុយបានសម្រេចបណ្ដាលឱ្យនាងដួលរងរបួសសន្លប់ស្តូកស្តឹងហើយនាំគ្នាគេចខ្លួនបាត់អស់។ហេតុការណ៍នេះបានកើតឡើងនៅ លើផ្លូវ៣២៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង កាលពីល្ងាចថ្ងៃទី១៣ ខែធ្នូ។

អ្នកនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងមានស្រ្តីម្នាក់ស្ពាយកាបូបចំហៀងដើរតាមផ្លូវ។ពេលនោះស្រាប់តែក្រុមចោរមានគ្នា៥ទៅ៦នាក់ ជិះម៉ូតូ៣គ្រឿង មកឆក់កាបូបពីស្រ្តីរូបនោះបានសម្រេច បណ្ដាលឱ្យជនរងគ្រោះដួលបោកក្បាលរងរបួសសន្លប់ស្ដូកស្ដឹង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្រ្គោះ។ចំណែកក្រុមជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់អស់។

បន្ទាប់មកក្រុមគ្រួសារជនរងគ្រោះដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ សុំឱ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕ដោយ៖វិចិត្រ