កីឡា

De la Fuente ត្រៀម​សម្រាប់​ការ​ប្រឈម​របស់​អេស្ប៉ាញ ក្រោយស្នង​តំណែង​របស់ Enrique ​

លោក Luis de la Fuente បានលើក​ឡើង​ប្រកបដោយទំនុកចិត្តថា គ្មានគ្រូបង្វឹករូបណា ដែលល្អជាងនេះ​ ក្នុងការមកដឹកនាំក្រុម​ជម្រើសជាតិអេស្ប៉ាញនោះទេ បន្ទាប់ពីបាននិយាយជាលើកដំបូង តាំង​ពី​ត្រូវបានប្រកាសថា ជាអ្នកស្នងតំណែងរបស់លោក Luis Enrique។

ក្រុម​គោជល់អេស្ប៉ាញ បានចែកផ្លូវជាមួយគ្រូបង្វឹកមុនលោក Enrique  បន្ទាប់ពីបាន​ធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup ដ៏គួរឱ្យភ្ញាក់ផ្អើល ដោយ​សារក្រុមម៉ារ៉ុក ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ដោយ​បាន​កើតឡើងក្នុង​យុទ្ធនាការ​ដ៏​សែនលំបាក នៅ​ប្រទេស​កាតា ឆ្នាំ​២០២២។

លោក De la Fuente ដែលបានធ្វើ​ជា​គ្រូបង្វឹក​របស់​ក្រុមជម្រើស​ជាតិ​អេស្ប៉ាញអាយុក្រោម ១៩ឆ្នាំ ​អាយុក្រោម ២១ឆ្នាំ និងអាយុក្រោម ២៣ឆ្នាំ ក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនោះ ត្រូវបានអះអាង​ថា ជាអ្នកមក​ធ្វើ​តួនាទី​ជំនួស ដោយគ្រូបង្វឹកវ័យ ៦១ឆ្នាំរូបនេះ ត្រៀមចូល​រួម​ប្រកួត​ ក្នុងវគ្គជម្រុះ សម្រាប់​ព្រឹត្តិការណ៍ Euro 2024 នាឆ្នាំក្រោយ។

និយាយ​នៅឯពិធី​បង្ហាញ​ខ្លួន​ផ្លូវការរបស់គាត់ អតីតខ្សែការពាររបស់​ក្រុម​ Athletic Bilbao បានបង្ហាញ​ពី​គុណ​សម្បត្តិ​របស់គាត់ថា តើ​មូលហេតុអ្វី​ដែលគាត់ជាបុគ្គល​ដ៏​ស័ក្ដិសម ក្នុងការមក​ទទួល​តួនាទី​នេះ ហើយ​បានប្តេជ្ញាថានឹងបត់បែន តាម​វិធី​ដែលចូល​ឱ្យ​ដល់​ក្រុមជម្រើសជាតិ​។

គាត់បានថ្លែង​ថា៖ «ខ្ញុំជាកីឡាករបាល់ទាត់អាជីពអស់រយៈពេល ១៥ឆ្នាំ។ ខ្ញុំបានឈ្នះពានរង្វាន់​នានា។ ខ្ញុំបានធ្វើ​ជា​គ្រូបង្វឹកកម្រិតអន្តរជាតិគ្រប់ប្រភេទអាយុ លើកលែងតែក្រុមធំ។ ជាមួយនឹងភាពចេះ​ដាក់​ខ្លួន និងភាពស្មោះត្រង់របស់ខ្ញុំ ប្រសិនបើមាននរណាម្នាក់ ដែលដឹងពីអនាគតនៃបាល់ទាត់អេស្ប៉ាញ នោះ​គឺរូប​ខ្ញុំ។ ខ្ញុំនឹងព្យាយាមផ្តល់នូវភាពខុសប្លែក ដើម្បីធ្វើ​ឱ្យ​វា​កាន់​តែប្រសើរឡើង»៕