អន្តរជាតិ

អ្នកជាប់ឃុំជនជាតិអ៊ីរ៉ង់ទីពីរត្រូវបានគេកាត់ទោសប្រហារជីវិតដោយព្យួរក

ប្រែសម្រួល៖សហការី

ឌូបៃ ប្រទេសអារ៉ាប់រួម (AP) កាលពីថ្ងៃចន្ទ អ៊ីរ៉ង់បានកាត់ទោសប្រហារជីវិតអ្នកទោសជាលើកទីពីរ ចំពេលដែលមានការតវ៉ាទូទាំងប្រទេសទាមទារលទ្ធិប្រជាធិបតេយ្យ ទូរទស្សន៍រដ្ឋបានចាក់ផ្សាយខ្លីបវីដេអូដែលបង្ហាញថាគាត់បានចាក់សមាជិកកងកម្លាំងសន្តិសុខពីរនាក់រហូតដល់ស្លាប់ហើយរត់គេចខ្លួន។

ការប្រហារជីវិតដោយព្យួរកជាសាធារណៈលើរូប Majidreza Rahnavard ធ្វើឡើងក្នុងរយះពេលមិនទាន់បានគ្រប់មួយខែនៅឡើយបន្ទាប់ពីគាត់ត្រូវបានគេចោទប្រកាន់ថាបានធ្វើសកម្មភាពចាក់សម្លាប់ កម្លាំងសន្តិសុខពីរនាក់ គាត់ត្រូវបានគេរាយការណ៍ថាបានខឹងសម្បានឹងកងកម្លាំងសន្តិសុខដែលបានសម្លាប់ក្រុមអ្នកតវ៉ា នេះបានបង្ហាញអំពីល្បឿននៃការកាត់ទោសប្រហារជីវិតរបស់អ៊ីរ៉ង់ចំពោះអ្នកដែលត្រូវបានឃុំខ្លួននៅក្នុងបាតុកម្ម។

ក្រុមសកម្មជនព្រមានថា យ៉ាងហោចណាស់មនុស្សរាប់សិបនាក់ត្រូវបានកាត់ទោសប្រហារជីវិតរួចហើយនៅក្នុងសវនាការបិទទ្វារ។ យ៉ាងហោចណាស់មនុស្ស ៤៨៨ នាក់ត្រូវបានសម្លាប់ចាប់តាំងពីបាតុកម្មបានចាប់ផ្តើមនៅពាក់កណ្តាលខែកញ្ញា នេះបើយោងតាមសកម្មជនសិទ្ធិមនុស្សក្នុងប្រទេសអ៊ីរ៉ង់ ដែលជាក្រុមដែលកំពុងតាមដានការតវ៉ា។ មនុស្ស ១៨២០០ នាក់ផ្សេងទៀតត្រូវបានឃុំខ្លួនដោយអាជ្ញាធរអ៊ីរ៉ង់។

ទីភ្នាក់ងារសារព័ត៌មាន Mizan របស់អ៊ីរ៉ង់ ដែលស្ថិតក្រោមប្រព័ន្ធតុលាការរបស់ប្រទេសនេះ បានចោទប្រកាន់ថា លោក Rahnavard បានចាក់សម្លាប់សមាជិកកងកម្លាំងសន្តិសុខពីរនាក់រហូតដល់ស្លាប់កាលពីថ្ងៃទី ១៧ ខែវិច្ឆិកានៅក្នុងទីក្រុង Mashhad និងបានធ្វើឲ្យមនុស្សបួននាក់ផ្សេងទៀតរងរបួស។ ទីភ្នាក់ងារនេះបាននិយាយថា ការប្រហារជីវិតបានធ្វើឡើងនៅព្រឹកថ្ងៃចន្ទជាសាធារណៈក្នុងក្រុង Mashhad ។

វីដេអូដែលបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋបានបង្ហាញពីបុរសម្នាក់បានដេញតាមពីក្រោយមនុស្សម្នាក់ទៀតនៅកែងផ្លូវមួយ បន្ទាប់មកបានឈរពីលើជននោះរួចហើយក៏ចាក់គាត់បន្ទាប់ពីគាត់បានដួលទៅលើម៉ូតូដែលចតនៅទីនោះ។ ម្នាក់ទៀតបានបង្ហាញថាបុរសដដែលនោះបានចាក់ម្នាក់ទៀតភ្លាមៗបន្ទាប់ពីនោះមក។ ជនដៃដល់ដែលទូរទស្សន៍រដ្ឋចោទប្រកាន់គឺលោក Rahnavard បន្ទាប់ពីហេតុការនេះកើតឡើងគាត់ក៏បានរត់គេចខ្លួន។

របាយការណ៍ Mizan បានកំណត់អត្តសញ្ញាណអ្នកស្លាប់ថាជា “សិស្ស” Basij ដែលជាយោធាប៉ារ៉ាស្ម័គ្រចិត្តរបស់ក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ Basij (ba-SEEJ’) យោធាប៉ារ៉ាបានដាក់ពង្រាយនៅតាមទីក្រុងធំៗសម្រាប់ធ្វើការវាយប្រហារ និងចាប់ឃុំខ្លួនក្រុមបាតុករ ដែលក្នុងករណីជាច្រើនពួកគេត្រូវបានរងការវាយបកមកវិញ។

របាយការណ៍ទូរទស្សន៍រដ្ឋដែលគេបានរៀបរៀងកែសម្រួលបានចាក់ផ្សាយបន្ទាប់ពីការប្រហារជីវិតរបស់ Rahnavard ដោយមានការបង្ហាញពីឈុតឆាកខ្លីៗអំពីសកម្មភាពកាត់ទោសគាត់នៅក្នុងបន្ទប់សវនាការ។ នៅក្នុងវីដេអូ គាត់និយាយថា គាត់ស្អប់ពួក Basijis ដោយសារបានឃើញវីដេអូឃ្លីបនៅលើបណ្តាញសង្គមបង្ហាញពីកងកម្លាំងធ្វើការវាយដំ និងសម្លាប់ក្រុមបាតុករ។

របាយការណ៍ Mizan បានចោទប្រកាន់ Rahnavard ថាបានព្យាយាមរត់ទៅបរទេសនៅពេលដែលគាត់ត្រូវបានចាប់ខ្លួន។

Mashhad ដែលជាទីក្រុងបរិសុទ្ធរបស់និកាយស៊ីអ៊ីត ស្ថិតនៅចម្ងាយប្រហែល ៧៤០ គីឡូម៉ែត្រ (៤៦០ ម៉ាយ) ភាគខាងកើតនៃរដ្ឋធានី Tehran ប្រទេសអ៊ីរ៉ង់។ សកម្មជននិយាយថា គេបានឃើញកូដកម្ម ដូចជាហាងបិទទ្វារ និងមានបាតុកម្ម នៅចំពេលដែលមានចលាចលផ្ទុះឡើងថ្ងៃទី ១៦ ខែកញ្ញា ដោយសារការស្លាប់របស់នាង Mahsa Amini ស្ត្រីអាយុ ២២ឆ្នាំ ដែលនាងត្រូវគេបានឃុំខ្លួនដោយប៉ូលិសសីលធម៌របស់ប្រទេសអ៊ីរ៉ង់។

Mizan បាននិយាយថា Rahnavard ត្រូវបានកាត់ទោសដោយតុលាការបដិវត្តន៍ Mashhad សាលាក្តីត្រូវបានគេរិះគន់ជាសាកលចំពោះការមិនអនុញ្ញាតឲ្យអ្នកដែលនៅក្នុងសវនាការជ្រើសរើសមេធាវីរបស់ពួកគេផ្ទាល់ ឬសូម្បីតែបង្ហាញភស្តុតាងប្រឆាំងនឹងពួកគេ។

Rahnavard ត្រូវបានកាត់ទោសពីបទ “moharebeh” ដែលជាពាក្យ Farsi មានន័យថា “ធ្វើសង្គ្រាមប្រឆាំងនឹងព្រះ”  បទចោទនេះត្រូវបានគេយកមកកាត់ទោសលើមនុស្សដ៏ទៃទៀតជាច្រើនអស់រយះពេលរាប់ទសវត្សរ៍មកហើយចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ ១៩៧៩ ហើយនឹងការអនុវត្តទោសប្រហារជីវិត។

ពីទីក្រុងព្រុចសែល រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបានសម្តែងការខកចិត្តចំពោះការប្រហារជីវិតចុងក្រោយនេះ។ អ្នកការទូតកំពូលរបស់ប្លុកនេះបាននិយាយថា ប្លុកនេះនឹងត្រូវអនុម័តនៅថ្ងៃចន្ទ លើការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ជុំវិញការបង្រ្កាបរបស់ខ្លួនលើក្រុមបាតុករ និងលើការផ្តល់យន្តហោះគ្មានមនុស្សបើកដល់ប្រទេសរុស្ស៊ីយកទៅប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josp Borrell បាននិយាយថា លោកបាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទាក់ទងនឹងការឆ្លើយតបរបស់ទីក្រុងតេអេរ៉ង់ចំពោះការតវ៉ា និងការប្រហារជីវិតចុងក្រោយ ហើយថាការជជែកគ្នាវាមិនងាយស្រួលនោះទេ។

លោក Borrell បានប្រាប់អ្នកយកព័ត៌មាននៅពេលគាត់បានមកដល់ដើម្បីធ្វើជាអធិបតីក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅទីក្រុងប្រ៊ុចសែលថា “យើងនឹងអនុម័តកញ្ចប់ទណ្ឌកម្មដ៏តឹងតែងបំផុត” ។ រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់បាននិយាយថា លោកក៏បានទូរសព្ទទៅសមភាគីអ៊ីរ៉ង់ផងដែរ។

អ៊ីរ៉ង់ជាកំពូលអ្នកប្រហារជីវិតមួយលើសាកលលោក ហើយជាធម្មតាការប្រហារជីវិតអ្នកទោសគឺត្រូវធ្វើឡើងដោយព្យួរក។ គេបានប្រហារជីវិតអ្នកទោសទីមួយដែលត្រូវបានឃុំខ្លួនក្នុងអំឡុងពេលកើតមានបាតុកម្មកាលពីថ្ងៃព្រហស្បតិ៍ក្នុងសប្តាហ៍មុន។

អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា ខ្លួនទទួលបានឯកសារដែលមានចុះហត្ថលេខាដោយមេបញ្ជាការប៉ូលិសជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ ធ្វើការស្នើសុំឲ្យធ្វើការប្រហារជីវិតអ្នកទោសម្នាក់ “ដោយបញ្ចប់នីតិវិធីក្នុងរយៈពេលដ៏ខ្លីបំផុត” ហើយការកាត់ទោសប្រហារជីវិតរបស់គាត់ត្រូវបានអនុវត្តជាសាធារណៈ “វាជាកាយវិការលួងចិត្តពួកកងសន្តិសុខ’។

ចំពេលមានភាពចលាចល អ៊ីរ៉ង់ក៏ត្រូវរងនូវវិបត្តិសេដ្ឋកិច្ចផងដែរ យើងឃើញថារូបិយប័ណ្ណជាតិ បានធ្លាក់ចុះដល់កម្រិតទាបសាជាថ្មីធៀបនឹងប្រាក់ដុល្លារអាម៉េរិក៕