កីឡា

អាហ្សង់​ទីន​ត្រៀម​តទល់នឹង​ក្រូអាស៊ី ក្នុង​វគ្គ ៤ក្រុម នៅ World Cup

គ្រូបង្វឹករបស់​ក្រុម​ជម្រើស​ជាតិអាហ្សង់ទីន លោក Lionel Scaloni កាលពីថ្ងៃចន្ទ បានច្រានចោល​ការចោទប្រកាន់លើការខ្វះ​ភាព​ជាអ្នក​កីឡារបស់​កូ​​នក្រុម ខណៈដែលក្រុម​របស់​តំបន់​អាមេរិកឡាទីន (អាមេរិកខាងត្បូង) មួយ​នេះ បានរៀប​ចំ​ត្រៀម​ខ្លួន សម្រាប់​ការប្រកួត ក្នុង​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទល់​នឹង​ក្រុម​ក្រូអាស៊ី ក្នុង​ព្រឹត្តិការណ៍ World Cup។

បន្ទាប់ពីសកម្មភាព​ដ៏​មមាញឹក​រយៈពេល ៣សប្តាហ៍ ក្នុងប្រទេសកាតា នៅសល់តែ ៤ក្រុម​ប៉ុណ្ណោះ ដែល​កំពុង​ឈរ​ជើង ខណៈដែលការប្រកួតប្រជែង​ធ្វើ​ដំណើរតម្រង់​​ឆ្ពោះ​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ។ ក្រុម​អាហ្សង់ទីន​របស់​កីឡាករ Lionel Messi ត្រូវប៉ះជាមួយ​ក្រុម​ក្រូអាស៊ី ក្នុងវគ្គ ៤ក្រុម​ចុង​ក្រោយ​ដំបូង​គេ នៅថ្ងៃអង្គារ មុនពេលថ្ងៃ​បន្ទាប់​ក្រុម​ម្ចាស់ជើងឯកឆ្នាំ២០១៨ បារាំងត្រូវប្រឈម​ជាមួយ​ក្រុម​ម៉ារ៉ុក ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជាអ្នក​ពិឃាត​ក្រុម​យក្ស។

ក្នុង​កីឡដ្ឋាន Lusail កីឡាករ Messi នៅ​លើ​ទីលាន នឹងព្យាយាម​នាំ​ក្រុមអាហ្សង់ទីន ដើម្បី​បាន​ឡើង​ទៅវគ្គផ្តាច់ព្រ័ត្រ នៅ World Cup ជាលើកទី ២ ក្នុងរយៈពេល ៨ឆ្នាំ។ កីឡាករ Messi ដែលសម្លឹងរក​ការឈ្នះពានរង្វាន់​ ក្នុងអាជីពរបស់ខ្លួនជាមួយនឹងជ័យជម្នះលើវេទិកាដ៏ធំបំផុតរបស់កីឡាបាល់ទាត់នេះ គឺជាតួអង្គសំខាន់ម្នាក់ ក្នុងជ័យជម្នះ នៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រលើក្រុម​ហូឡង់ កាលពីថ្ងៃសុក្រ ​ខណៈ​ដែល​កំហឹងបានផ្ទុះឡើង រវាង​ក្រុម​ទាំង​សង​ខាង ក្នុង​ហ្គេម​នោះ ហើយមាន​ការ​ផ្ដល់​កាតលឿងដល់​ទៅ ១៨​សន្លឹក​។

ការ​ប្រកួត​ ដែល​នាំ​ឱ្យ​កើតមាន​​ការ​មិន​សប្បាយ​ចិត្ត ​បាន​បញ្ចប់​ដោយ​កីឡាករ​របស់​ក្រុម​អាហ្សង់ទីន​ ​បង្ហាញ​កាយ​វិការ​​ចំអក​ឱ្យ​កីឡាករគូ​បដិបក្ខ​ហូឡង់​ ដែល​កំពុង​ខក​ចិត្ត ​មុន​ពេលពួក​គេ​​រត់​ចេញ​ទៅ​ធ្វើ​ការ​អបអរ ​បន្ទាប់​ពី​ឈ្នះ​ការ​ទាត់​​បាល់​ប៉េណាល់ទីកាត់​ក្ដី។ សូម្បីតែកីឡាករ Messi ដែលដោយ​ធម្មតា មានចរិតស្លូតបូត ក៏ត្រូវបាន​ឃើញ​ជាប់​ក្នុង​ទង្វើ​នេះ​ដែរ ដោយហាក់​ដូចជា​​ស្រែកជេរប្រមាថលើ​កីឡាករហូឡង់ ដែលមិនចំឈ្មោះ អំឡុងពេលធ្វើ​បទសម្ភាសន៍ នៅ​ក្រោយការប្រកួត។

ប៉ុន្តែលោក Scaloni បាននិយាយ​ការពារការប្រព្រឹត្តនៃ​កីឡាកររបស់គាត់ នៅឯសន្និសីទសារព័ត៌មាន មុនការប្រកួត កាលពីថ្ងៃចន្ទ ដោយទទូចថា ក្រុមរបស់គាត់មិនមានអ្វីត្រូវធ្វើ​ការ​សុំទោសនោះឡើយ។

អ្នក​ចាត់​ការ​ក្រុម​អាហ្សង់ទីនវ័យ ៤៤ឆ្នាំ បាននិយាយថា៖ «ការប្រកួតកាលពីថ្ងៃមុន ត្រូវបានលេងតាមវិធី​ដ៏​ត្រឹមត្រូវ ពី​ក្រុមទាំង​២។ នោះគឺជាបាល់ទាត់។ ខ្ញុំ​មិន​ទទួល​ស្គាល់​​គំនិត​ ដែល​ថា​ យើង​មិន​ដឹង​ពីវិធី ​ក្នុង​ការ​ទទួលបាន​ជ័យជម្នះ​នោះ​ទេ។ ការ​ប្រកួត​ត្រូវ​បាន​លេង​ នៅ​ក្នុង​វិធី​ដ៏​ត្រឹម​ត្រូវ»។

កីឡាករ Messi ដែលបានភ្លក្សរសជាតិបរាជ័យដ៏ជូរចត់ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាល​ពី​ឆ្នាំ​២០១៤ ដោយសារ​ក្រុម​អាល្លឺម៉ង់ ទំនងជាមានឱកាសចុងក្រោយ នៅអាយុ ៣៥ឆ្នាំ ដើម្បីបាន​ប្រៀប​ផ្ទឹម​ជាមួយ​មិត្តរួមជាតិ​លោក Diego Maradona និងបាន​លើកពានរង្វាន់ នៅ​ World Cup នេះ៕