អន្តរជាតិ

អាល្លឺម៉ង់ថា នឹងបន្តធ្វើជំនួញធម្មតាជាមួយរុស្ស៊ីបើបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

អាល្លឺម៉ង់និយាយថា នឹងបន្តធ្វើជំនួញធម្មតាមិនយកទោសអូសដំណើរជាមួយរុស្ស៊ីនោះទេ បើរុស្ស៊ីសម្រេចបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន ដកចេញនូវប្រតិបត្តិការពិសេស។

នេះដោយយោងតាមអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថ្លែងប្រាប់គណៈកម្មាធិការអាល្លឺម៉ង់ ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចអឺរ៉ុបខាងកើតនៅដើមសប្តាហ៍នេះ។ លោកបាននិយាយក្នុងន័យបញ្ជូន​សារទៅកាន់រដ្ឋបាលទីក្រុងមូស្គូពីការបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែនឲ្យបានឆាប់តាមដែលធ្វើទៅបាន ជាថ្នូរនឹងការធ្វើជំនួញជាមួយប្រទេសអាល្លឺម៉ង់ឡើងវិញ។ អធិការរូបនេះបានពោលដោយផ្ទាល់ថា “នៅពេលនេះទំនាក់ទំនងយើងកំពុងមាន គឺត្រូវបានកាត់បន្ថយខ្លាំងទៅៗហើយ” “បើរុស្ស៊ីបញ្ចប់សង្រ្គាម” គេគួរតែត្រូវបានផ្តល់ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឡើងវិញ។ លោកបន្តថា “យ៉ាងណា​វា​មិន​មែន​ឥឡូវនេះ​ទេ”។

លោកក៏បានបញ្ជាក់ថា វាក៏រួមមានទាំងការដកចេញនូវទណ្ឌកម្មលោកខាងលិចផងដែរ បើរុស្ស៊ីយល់ព្រមបញ្ចប់សង្រ្គាម។

ចាប់តាំងពីមានសង្រ្គាមឈ្លានពានលើអ៊ុយក្រែនមក អាល្លឺម៉ង់បានផ្អាកការធ្វើពាណិជ្ជកម្មចម្បងៗ និងការវិនិយោគទ្វេភាគីផ្សេងៗជាមួយរុស្ស៊ី។ យោងតាមទិន្នន័យចេញដោយ OEC ពាណិជ្ជកម្ម​អន្តរជាតិបានឲ្យដឹងថា នៅចន្លោះខែមករា ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ ២០២២ ពេលមិនទាន់មាន​សង្រ្គាម ការនាំចេញរបស់រុស្ស៊ីពីអាល្លឺម៉ង់បានកើនឡើងចំនួន៩៣,២ភាគរយនៅក្នុងខែមករា ឆ្នាំ២០២២ ដែលស្មើនឹង ៣,៥៤ពាន់លានដុល្លារ កើនឡើងពី១,៧១ពាន់លានដុល្លារ៕

ប្រភព៖ ​ ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា