អន្តរជាតិ

អាម៉េរិកបញ្ចប់ការសាកល្បងបាញ់មីស៊ីលលឿនជាងសំឡេង ៥ដងចេញពីយន្តហោះ B-52H

មន្ទីរបញ្ចកោណកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានបញ្ចប់ការសាកល្បងបាញ់មីស៊ីលលឿនជាងសំឡេង​៥ដងដោយជោគជ័យចេញពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត B-52H។

យោងតាមសេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ នៅថ្ងៃចន្ទទី ១២ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា ការធ្វើតេស្តសាកល្បងនេះ បានធ្វើឡើងចេញពីមូលដ្ឋានទ័ពអាកាស Eglin ក្នុងរដ្ឋផ្លរីដា ចេញពីយន្តហោះ​ទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត B-52H Stratofortress ដោយបានបាញ់ចេញដោយ​ជោគជ័យនូវមីស៊ីលលឿនជាងសំឡេងគំរូ AGM-183A ដំបូងបង្អស់នៅកាន់ឆ្នេរសមុទ្រភាគខាង​ត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា។

ឧត្តមសេនីយ៍ Jason Bartolomei បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ក្រុម ARRW បានរចនា និងសាកល្បងដោយជោគជ័យនូវកាំជ្រួចល្បឿនលឿនជាងសំឡេងដែលបាញ់បង្ហោះតាមអាកាសក្នុងរយៈពេល ៥ឆ្នាំ” ។ “ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះភាពអត់ធ្មត់ និងការលះបង់ដែលក្រុមនេះបាន​បង្ហាញឱ្យឃើញ ដើម្បីផ្តល់នូវសមត្ថភាពដ៏សំខាន់មួយដល់អ្នកប្រយុទ្ធរបស់យើង”។ ការបាញ់នេះ គឺជាការសាកល្បងចុងក្រោយបង្អស់នៃសព្វាវុធល្បឿនលឿនជាងសំឡេង៥ដង ខណៈដែលសហរដ្ឋ​អាម៉េរិកព្យាយាមរក្សាការប្រកួតប្រជែងជាមួយដៃគូយុទ្ធសាស្ត្រ ក្នុងអំឡុងវិបត្តិសង្រ្គាមអ៊ុយក្រែន។ កាលពីខែឧសភា អាម៉េរិកក៏ធ្លាប់បានបាញ់មីស៊ីលលឿនជាងសំឡេងម្តងដែរ តែមិនសូវខ្លាំងដូចលើក​នេះទេ អាម៉េរិកបានប្តេជ្ញាមិនឲ្យគូប្រជែងតាមទាន់ខ្លួនឡើយ ខណៈបានចាត់ទុកចិនជាប្រភព​គំរាមកំហែងធំបំផុតរបស់ខ្លួនទៀតផង៕

ប្រភព៖ ​ Daily Mail

ប្រភពរូប៖ Daily Mail
ប្រែសម្រួល៖សុខ តុលា