អន្តរជាតិ

ហ្សេឡិនស្គីប្រកាសសុំអាវុធចម្ងាយឆ្ងាយ និងឧស្ម័នធម្មជាតិពីប្រទេសG7

មេដឹកនាំអ៊ុយក្រែន ហ្សេឡិនស្គី បានអំពាវនាវសុំអាវុធចម្ងាយឆ្ងាយ និងឧស្ម័នធម្មជាតិពីក្រុមប្រទេស G7 ខណៈរុស្ស៊ីកំពុងបន្តដំណើរការឈ្លានពានតទៅមុខ។

លោកស្គីបានចេញមុខតាមរយៈតំណតភ្ជាប់វីដេអូពីចម្ងាយក្នុងសន្និសីទ G7  ដែលរៀបចំដោយប្រទេស អាល្លឺម៉ង់នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២នេះថា អ៊ុយក្រែនមិនមានឃើញតម្រុយនៃការដកទ័ព របស់រុស្ស៊ី ឬការចរចាណាមួយដូចដែលខាងរុស្ស៊ីបានលើកឡើងនោះទេ ផ្ទុយទៅវិញពួកគេទំនងជាបន្តដំណើរការឈ្លានពានបន្ថែមទៀត ពិសេសក្នុងរដូវណូអែលនេះ។ ជាការអំពាវនាវ លោកស្គីបានស្នើសុំប្រទេស G7 ឲ្យជួយរដ្ឋាភិបាលរបស់លោកនូវបរិមាណ ឧស្ម័នធម្មជាតិបន្ថែមចំនួនពីរពាន់លានម៉ែត្រ  គុប ដើម្បីទុកប្រើប្រាស់នារដូវរងា ព្រមទាំងការផ្គត់ផ្គង់ នូវរថក្រោះទំនើប កងកាំភ្លើងធំ គ្រាប់ផ្លោង ព្រមទាំងអាវុធរយៈចម្ងាយឆ្ងាយផងដែរ។

ទាក់ទងនឹងការស្នើសុំនេះ ខាងប្រទេស G7 មិនទាន់បានឆ្លើយតបថាយល់ព្រមជាផ្លូវការ សម្រាប់អ៊ុយក្រែននៅឡើយទេ។ តែបានបញ្ជាក់ថា នឹងផ្តោតជួយអ៊ុយក្រែនខ្លាំងទៅលើប្រព័ន្ធ ការពារដែនអាកាស។ សូមជម្រាបថា ប្រទេស G7 រួមមានសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស ជប៉ុន អាល្លឺម៉ង់ អ៊ីតាលី បារាំង និងកាណាដា។ ពួកគេសុទ្ធតែបានជួយអ៊ុយក្រែនជាប់មករហូត ចាប់តាំងពីមានការឈ្លានពានពីរុស្ស៊ី៕

ប្រភព៖ ​ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា