សន្ដិសុខសង្គម

រថយន្តបត់ជ្រុលបុកម៉ូតូ២គ្រឿងបណ្តាលឱ្យបុរស៣នាក់រងរបួសធ្ងន់

ភ្នំពេញ៖អ្នកបើករថយន្តតូយូតាឡិចស៊ីស RX-300 បានបត់ត្រឡប់ក្រោយយ៉ាងលឿន ជ្រុលទៅបុក​ជាមួយម៉ូតូ២គ្រឿងបណ្តាលឱ្យបុរស៣នាក់រងរបួសធ្ងន់។គ្រោះថ្នាក់ចរាចរនេះនៅតាមផ្លូវចោមចៅ ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូ។

សាក្សីបានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរស៣នាក់ជិះម៉ូតូ២គ្រឿងម៉ាកហុងដាឌ្រីមផ្លាកលេខ ភ្នំពេញ1CF-6309និងម៉ាកហុងដាឌ្រីមផ្លាកលេខស្វាយរៀង1O-4816 ជិះឌុបគ្នា២នាក់។

មកដល់កន្លែងខាងលើ ស្រាប់តែមានរថយន្ត Lexus rx-300 ផ្លាកលេខភ្នំពេញ2AM-4404បើកមកពីក្រោយវ៉ាហួសម៉ូតូហើយបានបត់ត្រឡប់ក្រោយយ៉ាងលឿនកាត់ពីមុខក៏ជ្រុលមកបុកជាមួយម៉ូតូទាំង២គ្រឿងពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់៣នាក់។

រថយន្តបង្កបានបើករត់ទៅឆ្ងាយពីកន្លែងកើតហេតុ ហើយម្ចាស់ចុះរត់គេចខ្លួនបាត់ទុក​រថយន្តចោល​នៅទីនោះ។ក្រោយមកពលរដ្ឋជួយហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកអ្នករបួសទៅមន្ទីរពេទ្យភ្លាមៗ។សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុដើម្បីពិនិត្យនិងស្វែងរកម្ចាស់រថយន្តយកមកដោះស្រាយក្នុងករណីនេះ៕ដោយ៖វិចិត្រ