សន្ដិសុខសង្គម

រថយន្តធំបុកជាមួយម៉ូតូធ្វើឱ្យនាយករដ្ឋបាលសាលាស្រុករងរបួសធ្ងន់

ស្ទឹងត្រែង៖គ្រោះថ្នាក់ចរាចររវាងរថយន្តធំបុកជាមួយម៉ូតូ បណ្តាលឱ្យនាយករដ្ឋបាល សាលាស្រុកសេសាន ខេត្តស្ទឹងត្រែង រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។ហេតុការណ៍នេះបានកើតឡើងនៅជិតគល់ស្ពានមេគង្គត្រើយខាងលិច ក្នុងភូមិអូរត្រែល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីយប់ថ្ងៃទី១២ ខែធ្នូ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះស៊ើម ឌីណា ភេទប្រុស អាយុ៤០ឆ្នាំ ជានាយករដ្ឋបាលសាលាស្រុកសេសាន រងរបួសធ្ងន់។

មុនកើតហេតុ មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ផ្លាកលេខភ្នំពេញ3D-0568 បុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខស្ទឹងត្រែង1.C-1392 ក្នុងដំណើរស្របទិសគ្នាពីកើតទៅលិច។រីឯម៉ូតូខ្ទាតចូលក្រោម រថយន្តខូចខាតយ៉ាងដំណំ ហើយអ្នកបើកបរបានចុះរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានយកម៉ូតូនិងរថយន្តទៅទុកនៅនគរបាលខេត្តស្ទឹងត្រែងដើម្បី រង់ចាំភាគីសងខាងចូលខ្លួនដោះស្រាយពេលក្រោយ៕ដោយ៖សុខុម