កីឡា

ម៉ារ៉ុក បន្ថែម​ជើង​ហោះហើរ សម្រាប់​អ្នក​គាំទ្រទៅ​មើល World Cup

ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសម៉ារ៉ុក កំពុងបន្ថែម​ជើង​ហោះហើរទៅ​មកចំនួន​ ៣០ជើង​​​ទៀត សម្រាប់​ឱ្យ​អ្នកគាំទ្រ ដែល​ពេញ​ដោយ​ក្ដី​សុខ​រីក​រាយធ្វើ​ដំណើរ​ទៅកាន់ប្រទេសកាតា ដើម្បី​ចូល​រួម​ទស្សនាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាប្រវត្តិសាស្រ្តរបស់​ក្រុម​ជម្រើស​ជាតិ ក្នុង​ព្រឹត្តិការណ៍ World Cup នៅថ្ងៃពុធ ដែល​ត្រូវ​ជួប​ជាមួយ​ក្រុម​បារាំង។

ក្រុមហ៊ុនបានឱ្យ​ដឹង​នៅក្នុងសេចក្តីថ្លែងការណ៍ កាល​ពី​ថ្ងៃចន្ទថា៖ «ដើម្បីអនុញ្ញាតឱ្យប្រជាជនម៉ារ៉ុក​ជាច្រើន ដែលចង់ទៅ​គាំទ្រក្រុមជម្រើសជាតិ ដើម្បី​ទទួលបានបទពិសោធន៍ពី​ការប្រកួត ក្នុង​វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅ World Cup ក្រុមហ៊ុន Royal Air Maroc បានរៀប​ចំបង្កើត​​​នូវ​ជើង​ហោះហើរដោយ​ផ្ទាល់ រវាងក្រុង Casablanca និងក្រុង​ដូហា»។

ក្រុម​ម៉ារ៉ុកបានយកឈ្នះក្រុមព័រទុយហ្គាល់របស់កីឡាករ Cristiano Ronaldo ក្នុងលទ្ធផល ១-០ កាលពីថ្ងៃសៅរ៍ ដែលបានក្លាយជាក្រុមអាហ្រ្វិក ឬអារ៉ាប់ដំបូងគេ ក្នុង​ការ​ដណ្ដើម​បាន​សិទ្ធិឡើងទៅ​វគ្គ ៤ក្រុម​ចុង​ក្រោយ នៅ World Cup ហើយ​បាន​នាំ​ឱ្យមានការអបអរសាទរយ៉ាង​ខ្លាំង ពី​ទូទាំង​ពិភពអារ៉ាប់​។

ក្រុមហ៊ុនអាកាសចរណ៍របស់ព្រះរាជាណាចក្រអាហ្រ្វិកខាងជើងមួយ​នេះ បានហៅវាថា ជា «គុណសម្បត្តិ​ជាប្រវត្តិសាស្ត្រ» ហើយបាននិយាយថា យន្តហោះខ្នាត​យក្ស នឹងដំណើរការជើង​ហោះហើរទៅមកចំនួន ៣០ជើង ដែលចាកចេញ នៅថ្ងៃអង្គារ និងថ្ងៃពុធ ដើម្បី​ឱ្យ​ទាន់​ពេលប្រកួត។

នៅមុនការ​ប្រកួត​ទល់​នឹង​ក្រុមព័រទុយហ្គាល់ អ្នកគាំទ្របានត្អូញត្អែរតាមប្រព័ន្ធអ៊ិនធឺណេតពីភាពច្របូក​ច្របល់ ដោយ​មានមនុស្សកកកុញច្រើន​ពេក នៅឯអាកាសយានដ្ឋាន ក្នុងទីក្រុង Casablanca ដែល​ជា​ក្រុង​សេដ្ឋកិច្ចរបស់ប្រទេសម៉ារ៉ុក។

គ្រូបង្វឹករបស់​ក្រុម​ម៉ារ៉ុកលោក Walid Regragui ដែលចូលកាន់តំណែងទើប​បាន ៣ខែ នៅ​មុនពេលចាប់ផ្តើមការប្រកួតប្រជែងនេះ បានហៅអ្នកគាំទ្រម៉ារ៉ុកម្តងហើយម្តងទៀតថា ជា «សមា​ជិកទី ១២ របស់​ក្រុម»៕