សន្ដិសុខសង្គម

ឆេះសណ្ឋាគារមួយនៅជិតរង្វង់មូលតោ២ ក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ អគ្គិភ័យបានឆាបឆេះសណ្ឋាគារមួយនៅជិតរង្វង់មូលតោ២ ក្នុងក្រុងព្រះសីហនុ បណ្តាលមកពីក្រុមជាងផ្សារដែកមានការធ្វេសប្រហែស ត្រូវបានជួយពន្លត់ទាន់ កាលពីម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២២ ។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះសណ្ឋាគារយីហោ អីឆឹង មានទីតាំងស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។

ប្រភពដដែលបានបន្តថា ការឆាបឆេះនេះគឺបង្កឡើងដោយក្រុមជាងផ្សារដែកដែលធ្វើការនៅក្នុង​អគារនោះខ្វះការប្រុងប្រយ័ត្ន ធ្វើឱ្យធ្លាក់កម្ទេចភ្លើងកំពុងផ្សារទៅលើពិតាននៅខាងក្រោមបង្កឱ្យមាន​ការឆាបឆេះតែម្តង។

ហេតុការណ៍កើតឡើងភ្លាម សមត្ថកិច្ចផ្នែកពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ អន្តរាគមន៍បានចេញរថយន្តជួយពន្លត់រយៈពេលជាងកន្លះម៉ោងដោយប្រើទឹកអស់មួយរថយន្តភ្លើងក៏រលត់ទៅវិញ។តែក្នុងករណីនេះមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ គឺខូចខាតសម្ភារមួយចំនួនតែ​ប៉ុណ្ណោះ៕ដោយ៖វិចិត្រ