អន្តរជាតិ

ចិននិងឥណ្ឌាប៉ះទង្គិចគ្នាជាថ្មីនៅព្រំដែនភ្នំហិមាល័យរបួសទាំងសងខាង

ក្រឡេកមកមើលស្ថានភាពនៅព្រំដែនចិននិងឥណ្ឌាវិញ សេចក្តីរាយការណ៍ថ្មីបានឲ្យដឹងថា យោធាព្រំដែនប្រទេសទាំងពីរបានប៉ះទង្គិចគ្នានៅសប្តាហ៍នេះ បណ្តាលឲ្យមានរបួសទាំង​សងខាងជាច្រើននាក់។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថា ការប៉ះទង្គិចគ្នាថ្មីបានកើតឡើងនៅថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២ ជាលើកទី២នៅដើមខែធ្នូនេះ បន្ទាប់ពីខែមិថុនា ឆ្នាំ២០២០ស្លាប់របួសទាំងសងខាង​នៃតំបន់ជួរភ្នំហិមាល័យ។ ខាងឥណ្ឌាបាននិយាយថា ចិនបានឈានជើងចូលតំបន់មិនល្បាត​យល់ព្រមដោយភាគីទាំងពីរនៅតំបន់ Tawang រដ្ឋ Arunachal Pradesh ភាគឦសានប្រទេសឥណ្ឌា ហើយភាពតានតឹងក៏ចាប់ផ្តើមផ្ទុះឡើង។ ប្រភពយោធាឥណ្ឌាបាននិយាយថា ទាហានរបស់ខ្លួន​យ៉ាងតិចណាស់ ៦នាក់បានរងរបួស តែមិនមានអ្នកស្លាប់នោះទេ ចំណែកខាងចិនមានរបួស​ច្រើនជាងនេះ។

ជាការអន្តរាគមន៍ មេបញ្ជាការឥណ្ឌាបានជួបប្រជុំជាមួយសមភាគីចិន “ដើម្បីពិភាក្សាអំពីបញ្ហានេះ ដោយអនុលោមតាមយន្តការរចនាសម្ព័ន្ធ ដើម្បីស្តារសន្តិភាព” ក្រោយមកជម្លោះក៏បានស្ងប់ស្ងាត់។ ដោយឡែកចំពោះចិនវិញមិនបានធ្វើសេចក្តីអត្ថាធិប្បាយផ្លូវការនោះទេ។ ភាពតានតឹងនេះក៏បាន​កើតឡើងក្រោយគ្នាបន្តិចបន្ទាប់ពីសហរដ្ឋ    អាម៉េរិកបានប្រកាសធ្វើសមយុទ្ធជាមួយឥណ្ឌា​ក្បែរព្រំដែនប្រទេសចិនផងដែរ៕

ប្រភព៖ ​ AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា