កីឡា

Ronaldo នឹង​មិន​ធ្វើ​ការ​សម្រេច ដោយ​ចិត្ត​ក្ដៅ​នាពេល​នេះ ក្រោយ​ព័រទុយហ្គាល់ធ្លាក់

ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយកាលពីថ្ងៃអាទិត្យថា មិនមានប្រយោជន៍​នោះ​ឡើយ ក្នុងការ​ប្រតិកម្មតប ​ដោយ​ចិត្ត​កំពុង​តែ​ឡើង​កម្ដៅ​នាពេល​នេះ នៅ​ពេល​ដែល​រូប​គេបានឆ្លើយតបទៅនឹងការធ្លាក់​ពី​ព្រឹត្តិការណ៍ World Cup របស់ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់។

កីឡាករ Ronaldo បានបន្ត​ស្នាក់នៅប្រទេសកាតា ខណៈដែលកីឡាករ ក្នុង​ក្រុមព័រទុយហ្គាល់ជាច្រើន បានវិល​ត្រឡប់ទៅ​ប្រទេសវិញ ហើយយន្ត​ហោះ​របស់​ពួក​គេ បាន​ចុះចតនៅទីក្រុងលីសបោន (Lisbon) កាលពីរសៀលថ្ងៃអាទិត្យ។

«ក្នុង​ការ​បាន​ឈ្នះពានរង្វាន់ World Cup សម្រាប់ក្រុមព័រទុយហ្គាល់ គឺជាក្តីសុបិនដ៏មាន​មហិច្ឆតា​ខ្ពស់ និងធំ​បំផុត ក្នុងអាជីពរបស់ខ្ញុំ។ ជាសំណាងល្អ ដែល​ខ្ញុំបានឈ្នះពានរង្វាន់អន្តរជាតិជាច្រើន ក្នុង​នោះ​រួមទាំងសម្រាប់ក្រុម​ព័រទុយហ្គាល់ផង​ដែរ»។ នេះ​ជាការ​សរសេររៀប​រាប់​របស់​កីឡាករ Ronaldo នៅលើបណ្ដាញសង្គម Instagram។

សារ ដែល​បាន​ផូស្ត (បង្ហោះ) នេះ មិនបាន​និយាយពីការចូលនិវត្តន៍ពី​ក្រុម​ជម្រើស​ជាតិ​នោះ​ទេ ប៉ុន្តែរូប​គេ​បានចាប់ផ្តើមការប្រកួត ២លើក​ចុងក្រោយរបស់ក្រុមព័រទុយហ្គាល់ នៅប្រទេសកាតា ក្នុង​នាម​ជា​កីឡាករបម្រុង ដែលការ​សម្រេចចិត្ត​នេះ បង្កឱ្យមានការជជែកដេញដោល ទាំង​នៅ​ក្នុងប្រទេសព័រទុយហ្គាល់ និងទូទាំងពិភពបាល់ទាត់។

រូប​គេ​បានសរសេរបន្ថែម​ថា៖ «យើងសង្ឃឹមថា ពេលវេលានឹងក្លាយជាអ្នកប្រឹក្សាដ៏ល្អ និងអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាធ្វើការសន្និដ្ឋានដោយខ្លួនឯង»។

ការបង្ហោះសារ នៅលើ​ Instagram នេះ មានអមដោយរូបថត ដែលបង្ហាញពីកីឡាករ Ronaldo ឱន​ក្បាលដើរ​ចេញពីទីលាន ក្នុងទីក្រុងដូហា បន្ទាប់ពីចាញ់ក្រុមម៉ារ៉ុក  ១-០ ក្នុងវគ្គ ៨ក្រុម​ចុងក្រោយ កាលពីថ្ងៃសៅរ៍។ ក្នុង​វ័យ ៣៧ឆ្នាំ  កីឡាករ Ronaldo បានលេងក្នុង​ព្រឹត្តិការណ៍ World Cup ជាលើកទី៥។ ភ្លាម​ៗ ពេល​​សំឡេង​កញ្ចែ​ចុង​ក្រោយបាន​បន្លឺឡើង រូប​គេ​បាន​ដើរ​ចូល​ទៅ​ក្នុង​ឧម្មង្គ ​អម​ដោយ​​ទឹក​ភ្នែក​ហូរ​លើ​ផ្ទៃមុខ។

Ronaldo គ្មាន​ក្លិប​នោះ​ឡើយ ក្រោយ​ចែក​ផ្លូវ​​គ្នា​យ៉ាង​ជូរចត់​ជាមួយក្រុម​បិសាចក្រហម Manchester United។ យោងតាមបណ្ដាញសារព័ត៌មាន នៅព័រទុយហ្គាល់ កីឡាករ Ronaldo បានគំរាមចាកចេញពីក្រុមជម្រើស​ជាតិ បន្ទាប់ពីរូប​គេត្រូវបានទម្លាក់ចេញពីកីឡាករជម្រើសដំបូង ប៉ុន្តែត្រូវបានបដិសេធដោយគ្រូបង្វឹក លោក Fernando Santos ដែលគ្រោង​នឹងជួបជាមួយសហព័ន្ធ​បាល់ទាត់ជាតិ ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាពីអនាគតរបស់គាត់៕