អន្តរជាតិ

អាល្លឺម៉ង់ពិភាក្សាផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនចុងក្រោយ

រដ្ឋាភិបាលអាល្លឺម៉ង់បានផ្តល់នូវការប្តេជ្ញាចិត្តថ្មីជំនួយអាវុធចុងក្រោយដល់អ៊ុយក្រែន ដើម្បីប្រឆាំងការឈ្លានពានរុស្ស៊ី រួមមានប្រព័ន្ធកាំភ្លើងសំខាន់ៗច្រើនប្រភេទ។

យោងតាមលោក Oleksii Makieiev ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសអាល្លឺម៉ង់ថ្លែងក្នុងបទសម្ភាសន៍ជាមួយកាសែត Welt am Sonntag រាយការណ៍ដោយ European Pravda បានឲ្យដឹងនាពេលថ្មីៗនេះថា អាល្លឺម៉ង់បានពិភាក្សាជាមួយមិត្តអ៊ុយក្រែនយ៉ាងជិតស្និទ្ធរួចហើយអំពីបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ខណៈដែលការឈ្លានពានរបស់រុស្ស៊ីហាក់កើនឡើងកាន់តែខ្លាំង។ ក្នុងការចរចា អ៊ុយក្រែនបានស្នើសុំនូវប្រព័ន្ធប្រឆាំងយន្តហោះ កាំភ្លើងខ្យល់ Gepard កាំភ្លើងប្រឆាំងយន្តហោះ គ្រាប់រំសេវបន្ថែម ការផ្គត់ផ្គង់រថក្រោះ Marder និង Leopard។ ក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ Rheinmetall ក៏បានទទួលការបញ្ជាទិញប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ Skynex ចំនួនពីរគ្រឿងសម្រាប់អ៊ុយក្រែនផងដែរ។

អាល្លឺម៉ង់ជាដៃគូផ្គត់ផ្គង់ដ៏សំខាន់របស់អ៊ុយក្រែន បន្ទាប់ពីអាម៉េរិក និងចក្រភពអង់    គ្លេស។ របាយការណ៍កាលពីសប្តាហ៍មុន អ៊ុយក្រែនបានទទួលដល់ដៃនូវរថពាសដែក Dingo ចំនួន ២០ គ្រឿងពីប្រទេសអាល្លឺម៉ង់ ក៏ដូចជាត្រាក់ទ័រដឹកជញ្ជូនរថក្រោះ M1070 Oshkosh ចំនួនពីរគ្រឿងតាមការសន្យា៕

ប្រភព៖ ​  AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា