ព័ត៌មានជាតិ

ប្រពន្ធ កូនក្នុងគ្រួសារមួយមានចិត្តធម៌ស្ម័គ្រចិត្តដណ្តឹងស្រីថ្មីមកសែនព្រេនឲ្យប្តីនិងឪពុក

កំពត: គ្រួសារមួយរស់នៅភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកំពង់ត្រាច បានបើកចិត្តទូលាយ ដោយប្រពន្ធ,កូន ស្ម័គ្រទៅដណ្តឹងស្រីថ្មីពីខេត្តព្រៃវែង រួចនាំមកសែនព្រែនបំពេញបំណងប្តី និងឪពុកនៅផ្ទះផ្ទាល់ខ្លួន។ ពិធីបំពេញកិច្ចតាមប្រពៃណីដែលមានអ្នកភូមិចូលរួមច្រើនកុះករនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។

លោកស្រីចាន់ ពៅ ជំទប់ទី១ ឃុំអង្គសុរភីបានប្រាប់ឱ្យដឹងថា កាលពីព្រឹកមិញ គ្រួសារមួយរស់នៅក្បែរសាលាឃុំអង្គសុភី គឺស្ត្រីឈ្មោះសឺង ធី និងកូនៗបានរៀបចំពិធីសែនព្រេនប្តី និងឪពុកជាមួយស្រីថ្មីនៅក្នុងផ្ទះរបស់ខ្លួន។ ការបំពេញកិច្ចប្រពៃណីនេះគឺមានលោកអាចារ្យ និងអ្នកភូមិចូលរួមអធិកអធមគួរសម។

លោកស្រីជំទប់ឃុំបានបន្តថា ទាំងពីរនាក់ប្តីប្រពន្ធមានកូនធំៗអស់ហើយ។ កន្លងទៅ ប្តីប្រពន្ធនេះធ្លាប់បែកបាក់គ្នាមួយរយ: ដោយប្រពន្ធមានប្តីថ្មី ប៉ុន្តែក្រោយមកបានត្រឡប់មកជួបជុំគ្នាវិញរហូតដល់សព្វថ្ងៃ។ ស្រាប់តែថ្មីៗនេះ ប្រពន្ធបានទៅដណ្តឹងស្រីម្នាក់នៅខេត្តព្រៃវែង រួចនាំមកសែនព្រេនក្នុងផ្ទះតែម្តង។ លោកស្រី ចាន់ ពៅបានបញ្ជាក់ថា ប្រសិនបើមានការស្នើសុំ និងប្រពន្ធដើមបានផ្តិតមេដៃនោះអាជ្ញាធរនឹងចុះលិខិតអាពាហ៍ពិពាហ៍ជូនប្តីប្រពន្ធថ្មីនេះ៕