អន្តរជាតិ

អ៊ុយក្រែនថាវាយប្រហារបន្ទាយទាហាន ស៊ីឈ្នួលរុស្ស៊ីសម្លាប់បានប្រហែល២០០-៣០០នាក់, រុស្ស៊ីថាស្លាប់តែ២នាក់

កងកម្លាំងអ៊ុយក្រែនបានបើកការវាយប្រហារចុងក្រោយដោយអាវុធអាម៉េរិកលើទីតាំងប្រមូលផ្តុំទាហានស៊ីឈ្នួលរុស្ស៊ីនៅទីក្រុង Melitopol សម្លាប់បានទាហាន ២០០ទៅ៣០០នាក់ ប៉ុន្តែរុស្ស៊ីបែរជាថាស្លាប់តែ២នាក់ទៅវិញ។

តាមសេចក្តីរាយការណ៍របស់លោក Ivan Fedorov ដែលជាអភិបាលទទួលបន្ទុកឃ្លាំមើលក្រុង Melitopol ខាងអ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែនបានបើកការវាយប្រហារដោយប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយអាម៉េរិក​ ស្គាល់ថាជា HIMARS ពិតមែនទៅលើសណ្ឋាគារមួយកន្លែងក្នុងទីក្រុង Melitopol ភាគខាងត្បូងចម្ងាយប្រហែល៨០គីឡូម៉ែត្រពីសមុទ្រ Azov ដែលទាហានស៊ីឈ្នួលរុស្ស៊ីប្រមូលផ្ដុំយកធ្វើជាបន្ទាយ   បណ្តោះអាសន្ន កាលពីថ្ងៃសៅរ៍ទី១០ ខែធ្នូ ឆ្នាំ២០២២។ អភិបាលបានបន្តអះអាងតាមបណ្តាញសារតេលេក្រាមថា ការវាយប្រហារនេះ អ៊ុយក្រែនថាបានសម្លាប់ទាហានស៊ីឈ្នួលទាំងនោះយ៉ាងហោចណាស់ចន្លោះពី ២០០ ទៅ ៣០០នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។

ថ្វីបើបែបនេះក៏ដោយ អាជ្ញាធរខាងរុស្ស៊ីក្នុងតំបន់បែរជានិយាយថា ការវាយប្រហារនេះ បានសម្លាប់ទាហានខ្លួនតែ ២ នាក់ទេ ខណៈរបួសមានត្រឹម១០នាក់ទៅវិញ។ ជុំវិញព័ត៌មានផ្ទៀងផ្ទាត់ឯករាជ្យ រ៉យទ័រមិនអាចធ្វើបានភ្លាមៗនោះទេ។ តែយោងតាមវីដេអូដែលបានផ្ទៀងផ្ទាត់ដោយភ្នាក់ងារឯករាជ្យ Wall Street Journal ពិតជាបានបង្ហាញពីការឆេះនៃបន្ទាយទាហានរុស្ស៊ី មានអ្នកស្លាប់ និងរបួសពិតមែន។

ទីប្រឹក្សារបស់ Zelensky លោក Oleksiy Arestovych បាននិយាយថា ទីក្រុង Melitopol គឺជាគន្លឹះក្នុងការការពារភាគខាងត្បូង។ “ប្រសិនបើរុស្ស៊ីត្រូវដួលរលំក្រុងនេះទៀត កងកម្លាំងអ៊ុយក្រែននឹងទទួលបានផ្លូវផ្ទាល់ឆ្ពោះទៅកាន់គ្រីមៀរតែម្តង”៕

ប្រភព៖ ​ The HILL

ប្រភពរូប៖The HILL
ប្រែសម្រួល៖សុខ តុលា