អន្តរជាតិ

ហ្សេឡិនស្គីឲ្យប្រជាជនចាកចេញពីក្រុងអូដេសា ខណៈអគ្គិសនីនឹងដាច់រយៈពេលយូរ

ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី បានអំពាវនាវឲ្យប្រជាជនជម្លៀសខ្លួនបណ្តោះអាសន្នពីទីក្រុងអូដេសា ខណៈដែលអគ្គិសនីនឹងដាច់រយៈពេលយូរដោយសារការវាយប្រហារដោយរុស្ស៊ី។

ការជូនដំណឹងនេះ បានកើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា រុស្ស៊ីបានប្រើយន្តហោះគ្មានមនុស្សបើកផលិតដោយអ៊ីរ៉ង់ kamikaze មកវាយប្រហារកាលពីយប់ថ្ងៃសុក្រក្នុងទីក្រុងអូដេសា ភាគខាងត្បូងប្រទេសអ៊ុយក្រែន បណ្តាលឲ្យភូមិឋាននានាក្នុងក្រុងស្ថិតក្នុងភាពងងឹត។ មេដឹកនាំប្រទេស លោកហ្សេឡិនស្គី បាននិយាយក្នុងវីដេអូថ្ងៃអាទិត្យថា “ស្ថានភាពនៅអូដេសាពេលនេះ គឺពិបាកបំផុត”។ “បច្ចុប្បន្ននេះ មនុស្សជាង ១,៥ លាននាក់នៅក្នុងទីក្រុង Odesa គឺគ្មានអគ្គិសនីប្រើប្រាស់ទេ។ មាន​តែ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗមន្ទីរពេទ្យ មន្ទីរសម្ភព​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​តភ្ជាប់​ផ្គត់ផ្គង់​អគ្គិសនី​បាន”។

ការចំណាយពេលជួសជុលប្រភពថាមពលឲ្យវិលមករកធម្មតាវិញ អាចអូសបន្លាយច្រើនសប្តាហ៍ រហូតដល់២ទៅ៣ខែ ដូច្នេះប្រជាជននឹងមុខជាពិបាករស់នៅ ស្របពេលដែលរដូវរងាកំពុងចូលមកដល់៕

ប្រភព៖ ​  Pravda

ប្រភពរូប៖Pravda
ប្រែសម្រួល៖សុខ តុលា