សេដ្ឋកិច្ច

លើកទឹកចិត្ត​SME​ដាក់សំណើ​កម្ចី​ពី​ធនាគារ​SME Bank​ជា​ប្រភេទ​ប្រាក់រៀល​

ភ្នំពេញ​៖​លោក ផាន់ ផល្លា ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ SME បាន​លើកទឹកចិត្ត​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដែល​ដាក់​សំណើ​កម្ចី​ពី​ធនាគារ​សហគ្រាស​ធុន​តូចនិង​មធ្យម (SME Bank) ជា​ប្រភេទ​ប្រាក់រៀលដើម្បី​ទទួល​បាន​នូវ​អាត្រា​ការប្រាក់​ទាប ដែល​​អាច​នឹង​ធ្វើឱ្យ​ពួកគេ​ទទួលបាន​ផលចំណេញ​។​

​លោក ផាន់ ផល្លា បាន​លើកឡើងថា​៖​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម មានការ​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​ជំរុញ​ការផ្តល់​កម្ចី​ជា​ប្រាក់​រៀល ដើម្បី​លើកកម្ពស់​រូបិយ​បណ្ណ​ក្នុងស្រុក ពោលគឺ​ធនាគារ​នឹង​ផ្តល់​កម្ចី​ជា​ប្រាក់រៀល​ក្នុង អត្រា​ការប្រាក់​ទាប​ជាង​កម្ចី ជា​ប្រាក់​ដុល្លារ​អាមេរិក ០.២៥% សម្រាប់​វិស័យ​ធម្មតា និង​រហូតដល់ ០.៥% សម្រាប់​វិស័យ​អាទិភាព​។ ក្នុងន័យនេះ សម្រាប់​កម្ចី​ក្នុង​វិស័យ​អទិភាព អត្រា​ការប្រាក់​ត្រឹមតែ​៥%​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។​

​លោក​បាន​គូសបញ្ជាក់​បន្ថែមថា បើទោះបី​អត្រា​ការប្រាក់ នៅលើ​ទីផ្សារ​អន្តរជាតិ កើនឡើង​ក៏ដោយ ប៉ុន្តែ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម នឹង​រក្សា​នូវ​ការផ្ដល់​កម្ចី​ក្នុង​អត្រា​ការប្រាក់​សមរម្យ ដូចដែល​មានចែង​ក្នុង​យុទ្ធសាស្ត្រ​ធុរកិច្ច របស់​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម គឺ ផ្ដល់​កម្ចី​ជាមួយនឹង​អត្រា​ការប្រាក់​ចន្លោះ​ពី ៥.៨៨% និង ៦.៨៨% ក្នុង​មួយឆ្នាំ​សម្រាប់​វិស័យ​អាទិភាព និង​ផ្ដល់​កម្ចី​ជាមួយនឹង​អត្រា​ការប្រាក់​ថេរ​ត្រឹម ៧.៥% សម្រាប់​វិស័យ​ធម្មតា​។ ផ្ដល់​កម្ចី​ជាមួយ​អត្រា​ការប្រាក់​សម្បទាន​បំផុត ពោល​ត្រឹម ៥.៥% សម្រាប់​សហ​គ្រាស​ធុន​តូច និង​មធ្យម​ដែលមាន​ម្ចាស់​ជា​ស្ត្រី ប្រសិនបើ​សហគ្រាស​ទាំងនោះ​ចុះបញ្ជី​ត្រឹមត្រូវ និង​ស្ថិតក្នុង​វិស័យ​អាទិភាព​។​

​បើតាម​លោក ផាន់ ផល្លា នាពេល​បច្ចុប្បន្ននេះ ធនាគារ​សហគ្រាស​ធុន​តូចនិង​មធ្យម​កម្ពុជាកំពុងដំណើរការ​អនុវត្ត​គម្រោង​ហិរញ្ញប្ប​ទា​ន និង​ផលិតផល​មួយចំនួន ដូចជា ហិរញ្ញប្បទាន​នៃ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (CSS), ហិរញ្ញប្បទាន​សម្រាប់​វិស័យ​ឌីជីថល និង​ទំនើបកម្ម (CDAS),ហិរញ្ញប្បទាន​សម្រាប់​ស​ហ​គ្រិន​ស្ត្រី​កម្ពុជា (CWES),ហិរញ្ញប្បទាន​ស្តារ​សហគ្រាស​ធុន​តូចនិង​មធ្យម​កម្ពុជា​ឡើង​វិញ (CRSS),ហិរញ្ញប្បទាន​គ្មាន​ទ្រព្យ​ធានា​( Non -collateralized loan),គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារវិស័យ​ទេសចរណ៍​ឡើងវិញ (TRCS)​ និង ឥណទាន​វិ​បា​រូ​បណ៍ (OD)៕​ដោយៈសិរីមតី