អន្តរជាតិ

រុស្ស៊ីបញ្ជូនយន្តហោះចម្បាំងលំដាប់កំពូលឲ្យអ៊ីរ៉ង់ ជាថ្នូរនឹងយន្តហោះគ្មានមនុស្សបើក kamikaze

មន្រ្តីនៃរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិកបាននិយាយថា រុស្ស៊ីកំពុងរៀបចំបញ្ជូនយន្តហោះចម្បាំងលំដាប់កំពូលឲ្យទៅអ៊ីរ៉ង់ហើយ ជាថ្នូរនឹងយន្តហោះគ្មានមនុស្សបើក kamikaze ដែលបានវាយប្រហារអ៊ុយក្រែន។

យោងតាមទូរទស្សន៍ NBC មន្រ្តីនៃរដ្ឋបាលលោកចូបៃដិនរូបនេះមិនបានបញ្ចេញឈ្មោះនោះទេ តែពិតជាបានអះអាងថា ទីក្រុងមូស្គូបាននិងកំពុងរៀបចំបញ្ជូននូវយន្តហោះចម្បាំងទំនើបឈានមុខរបស់ខ្លួន គឺ Sukhoi Su-35 ឲ្យទៅប្រទេសអ៊ីរ៉ង់ ខណៈ   អ៊ីរ៉ង់នឹងអាចទទួលវាបានដល់ដៃនៅដើមឆ្នាំក្រោយនេះហើយ។ ការផ្តល់ជូននេះគឺជាថ្នូរមួយដែលរុស្ស៊ីដឹងគុណដល់យន្តហោះគ្មានមនុស្សបើក kamikaze របស់អ៊ីរ៉ង់ដែលបានប្រើមកវាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែននាពេលកន្លងទៅ។

ជាការឆ្លើយតប សហរដ្ឋអាម៉េរិកបានប្តេជ្ញាមិនឈរឱបដៃមើលទេ ពោលគឺកំពុងរៀបចំចាត់វិធានការ ប្រមូលផ្តុំសម្ព័ន្ធមិត្តរបស់ខ្លួនតាមបង្រ្កាបទំនាក់ទំនងរបស់រុស្ស៊ីនិងអ៊ីរ៉ង់។ មន្រ្តីរូបនេះបានកត់សម្គាល់ថា “ភាពជាដៃគូរុស្ស៊ី-អ៊ីរ៉ង់ នឹងបង្កការគំរាមកំហែងមិនត្រឹមតែចំពោះអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែចំពោះប្រទេសជិតខាងរបស់អ៊ីរ៉ង់នៅក្នុងតំបន់ផងដែរ” ។ “យើងបានចែករំលែកព័ត៌មាននេះជាមួយដៃគូនៅមជ្ឈិមបូព៌ា និងជុំវិញពិភពលោករួចហើយ”។ “កំពុងធ្វើការជាមួយប្រទេសផ្សេងទៀត មិនឲ្យរុស្ស៊ី និងអ៊ីរ៉ង់អាចផ្លាស់ប្តូរឧបករណ៍ អាវុធ ឬលុយកាក់រវាងគ្នាបានទេ”។ចំពោះការចោទប្រកាន់នេះ អ៊ីរ៉ង់ និងរុស្ស៊ីបានបដិសេធជាច្រើនដងមកហើយ៕

ប្រភព៖ ​ NBC NEWS

ប្រភពរូប៖NBC NEWS
ប្រែសម្រួល៖សុខ តុលា