កីឡា

ប្រធាន CONMEBOL ទាម​ទារ​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ World Cup 2030 កាន់​តែខ្លាំង

ប្រធានកីឡាបាល់ទាត់របស់តំបន់អាមេរិកឡាទីន ឬអាមេរិក​ខាងត្បូង (CONMEBOL) បាននិយាយ កាលពីថ្ងៃអាទិត្យថា FIFA (សហព័ន្ធបាល់ទាត់អន្តរជាតិ) គួរតែផ្ដល់​ការ​គោរព​ដល់​កេរដំណែលរបស់លោក Pele និងសព​លោក Diego Maradona ដោយការប្រគល់​ព្រឹត្តិការណ៍ World Cup 2030 ដែល​គ្រប់​ខួប ​១០០ឆ្នាំដល់ទ្វីបនេះ។

ដោយ​មាន​ការប្រកួតប្រជែងកាន់តែខ្លាំង​ឡើង​ៗ មុនពេលស្ថាប័នបាល់​ទាត់​ពិភពលោកសម្រេច ចំពោះ​ព្រឹត្តិការណ៍នេះ ក្នុងឆ្នាំ២០២៤ លោក Alejandro Dominguez បាននិយាយថា មិនគួរមានការផ្តោតអារម្មណ៍ ចំពោះ​លុយ​កាក់តែម៉្យាង​ ក្នុងដំណើរការនេះ​នោះទេ។

ប្រទេសអ៊ុយរូហ្គាយ ដែលបានសិទ្ធិរៀបចំ World Cup ដំបូង​បង្អស់ ដែលមាន​តែ ១៣ក្រុមចូល​រួម ក្នុងឆ្នាំ១៩៣០ បានរួម​គ្នា​ជាមួយប្រទេសអាហ្សង់ទីន ស៊ីលី និងប៉ារ៉ាហ្គាយ ដើម្បីដេញថ្លៃសុំ​សិទ្ធិធ្វើ​ម្ចាស់​ផ្ទះសម្រាប់​ព្រឹត្តិការណ៍ដ៏​ធំ​នេះ ក្នុងឆ្នាំ២០៣០ ដែលនឹងជា​លើក​ទី ២ ដោយ​មាន ៤៨ក្រុម។

តែបញ្ហាប្រឈមចម្បង គឺការដេញថ្លៃរួមគ្នាពីប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ និងអ៊ុយក្រែន ដែលមានការ​គាំ​ទ្រ​ពី UEFA (សហព័ន្ធបាល់​ទាត់​អឺរ៉ុប)។ មាន​សេចក្ដីរាយការណ៍ថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ​អាច​នឹង​ចាប់ផ្តើម​ការដេញថ្លៃរួម​​ជាមួយប្រទេស​អេហ្ស៊ីប និង​ក្រិក។

នៅពេលត្រូវ​បាន​សួរ នៅ​ឯ​កម្មវិធីមួយ ដែល​ធ្វើ​ឡើង ដើម្បីគោរពដល់លោក Pele ដែលកំពុងឈឺថា តើអតីតវីរបុរស​របស់​ប្រេស៊ីល ឬកេរដំណែលរបស់សព​លោក Maradona ដែល​ជា​អតីត​កីឡាករដ៏ឆ្នើម​បំផុត​របស់ក្រុមអាហ្សង់ទីន អាចជួយជំរុញដល់ការ​សម្រេចនេះទេ លោក Dominguez បាននិយាយថា FIFA ត្រូវតែជ្រើសរើស រវាងបាល់ទាត់ និងប្រាក់។

លោក​ប្រធាន​របស់ CONMEBOL បាន​លើក​ឡើង​ថា​៖ ​«សំណួរនេះ គឺសម្រាប់ FIFA ថា តើពួកគេគ្រោងនឹងធ្វើអ្វីជាមួយប្រវត្តិសាស្ត្រ ដែលបង្កើតឡើងដោយលោក Pele និងលោក Maradona ឬទេ?

«ប្រាកដណាស់ វាគួរ​តែទៅវិល​ទៅ​រកឫសគល់ដើម​វិញ ព្រោះបាល់ទាត់មិនមែនគិតតែពីលុយកាក់នោះទេ។ វាមិនគួរនិយាយអំពីការប្រកួតប្រជែងថា អ្នកណាជាអ្នករកលុយច្រើនជាងគេបំផុត សម្រាប់ World Cup។ វាក៏គួរតែពាក់​ព័ន្ធ​ផង​ដែរដល់​ការទទួលស្គាល់ថា តើ​អ្នកណាអាច​ធ្វើឱ្យព្រឹត្តិការណ៍​នេះ ដំណើរការ​ទៅបាន»។ នេះ​ជាការបន្ថេម​របស់លោក Dominguez ដោយសំដៅទៅលើលោក Pele និងសពលោក Maradona ក៏ដូចជាប្រទេសអ៊ុយរូហ្គាយ ដែលជាម្ចាស់ផ្ទះនៃការប្រកួត World Cup នេះ ដំបូង​គេ​បង្អស់។

លោក Dominguez បានប្រាប់​ថា CONMEBOL ក៏បានស្នើឱ្យប្រេស៊ីលផ្លាស់ប្តូរសម្លៀក​បំពាក់​​ជម្រើស​ជាតិរបស់ខ្លួនផង​ដែរ ដើម្បីជាការ​គោរពដល់លោក Pele វ័យ ៨២ឆ្នាំ ដែលបាន​សម្រាកនៅមន្ទីរពេទ្យក្នុងខែនេះ ខណៈដែលរូប​គាត់ត្រូវ​តស៊ូប្រយុទ្ធនឹង​ជំងឺមហារីក៕