សន្ដិសុខសង្គម

បាត់ខ្លួនជាង៤០ថ្ងៃឃើញគ្រោងឆ្អឹង ក្នុងចម្ការដំឡូងអាចជាអំពើឃាតកម្ម

បាត់ដំបង៖ម្ចាស់ចម្ការដំឡូងមួយកន្លែងបានឃើញគ្រោងឆ្អឹងជាបុរសម្នាក់ស្លាប់នៅកណ្តាលចម្ការ ក្រោយពីក្រុមគ្រួសារអះអាងថាបានបាត់ខ្លួនជាង៤០ថ្ងៃមកនោះសង្ស័យជាអំពើឃាតកម្ម ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលបានកើតឡើងក្នុងចម្ការដំឡូងក្បែរជើងភ្នំវែង ក្នុងភូមិអូរល្ហុង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែធ្នូ។ ឪពុកម្តាយបានរៀបរាប់ថា កូនប្រុសរបស់គាត់​ឈ្មោះ យន់ រីណា អាយុ២៨ឆ្នាំ នៅភូមិភ្នំតូច ឃុំភ្នំតូច ស្រុកភ្នំព្រឹក ជាអ្នកដឹកត្រីដើរលក់តាមភូមិ និងមានគូដណ្តឹង​រួចហើយ នៅចាំតែថ្ងៃចូលរោងការប៉ុណ្ណោះ។

ក្រុមគ្រួសារបានបន្តថា កូនរបស់គាត់បានបាត់ខ្លួនតាំងពីយប់ថ្ងៃទី៣១ ខែតុលាមកម្ល៉េះ ដោយមិនដឹងទៅណា។ចំណែក​ម៉ូតូ-លុយកាក់និងគ្រឿងអលង្ការ គឺកូនគាត់ទុកនៅក្នុងបន្ទប់ដេកទាំងអស់ គឺយកតែទូរសព្ទតាមខ្លួនប៉ុណ្ណោះ ហើយក្រោយមកទូរសព្ទក៏តេលែងចូលរហូត។

ម្ចាស់ចម្ការបាន​ឱ្យ​​ដឹងថា ដោយសារតែភ្លៀងធ្លាក់ញឹកញាប់ពេក ធ្វើ​ឱ្យ​គាត់ត្រូវអាក់ខានមិនបានមកបាញ់​ថ្នាំស្មៅរាប់ខែទើបអត់ដឹងថាមានមនុស្សស្លាប់នៅក្នុងចម្ការបែបនេះ។ម៉្យាងទីនេះពិបាកធ្វើដំណើរ ព្រោះផ្លូវតូចនិងព្រៃក្រាស់។ប្រជាពលរដ្ឋបានបញ្ចេញមតិថា ករណីនេះអាចពាក់ព័ន្ធអំពើឃាតកម្ម។ប៉ុន្តែអ្វីៗរង់ចាំការពិនិត្យនិងសន្និដ្ឋានរបស់សមត្ថកិច្ច៕ដោយ៖ព្រះអង្គខ្មៅ