សន្ដិសុខសង្គម

បាញ់ជាច្រើនគ្រាប់បណ្ដាលឱ្យក្មេងស្ទាវ៤នាក់រងរបួស

ភ្នំពេញ​៖បុរសម្នាក់ផ្ទុះអាវុធជាច្រើនគ្រាប់ដើម្បីទប់ទល់សភាពការណ៍ចំពោះមុខ បណ្ដាលឱ្យមនុស្សចំនួន៤នាក់រងរបួស ខណៈពេលក្មេងស្ទាវមួយក្រុមដេញវ៉ៃ​និងកាប់លើបុរស២​នាក់។

ហេតុការណ៍នេះបានកើតឡើងនៅត្រង់ច្រមុះជ្រូកក្បាលថ្នល់ តាមផ្លូវព្រះមុនីវង្ស​ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូ។

អ្នកនៅជិតទីនោះបានឱ្យដឹងថា ដំបូងមានបុរស២នាក់ទាស់សម្ដីជាមួយក្មេងស្ទាវមួយក្រុមជិះម៉ូតូ៣គ្រឿងមានគ្នាជាច្រើននាក់។ពួកគេបានដេញកាប់គ្នា ហើយក្មេងស្ទាវបាននាំគ្នាយកដុំថ្មគប់និងយកកាំបិតបុ័ងតោដេញកាប់យ៉ាងប្រសេកប្រសាចពេញមុខហាងបាយមួយ។ពេល​នោះមានបុរសម្នាក់ដែលអង្គុយហូបបាយនៅក្នុងហាងក្បែរនោះក៏ចេញមកក្រៅដកកាំភ្លើងខ្លីបាញ់ឡើងលើ១គ្រាប់ដើម្បីបំបែកក្រុមក្មេងស្ទាវ។

ពេលបាញ់ក្រុមក្មេងស្ទាវមិនខ្លាចកាំភ្លើង ក៏ស្ទុះចូលទៅរកកាប់ តែធ្វើឱ្យខ្មាន់កាំភ្លើងបាញ់បន្ថែមជាច្រើនគ្រាប់ទៀតតម្រង់ទៅក្មេងស្ទាវទាំងនោះ​បណ្ដាលឱ្យរងរបួស៤នាក់​ រួចឡើងជិះរថយន្តព្រូសគេចខ្លួនបាត់។ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។

បន្ទាប់ពីកើតហេតុ កម្លាំងកងរាជអាវុធហត្ថបានមកដល់យកសម្បកគ្រាប់និងស្រោមកាំភ្លើងព្រមទាំងយកបក្ខពួកក្មេងស្ទាវម្នាក់ទៅសួរនាំដើម្បីស្រាវជ្រាវបន្ត៕ដោយ៖វិចិត្រ