សន្ដិសុខសង្គម

បញ្ជូនសំណុំរឿងទៅតុលាការ តែមិនឃើញជនបង្កឱ្យឪពុកម្តាយរបួស,កូនស្លាប់

ភ្នំពេញ៖សមត្ថកិច្ចបានបញ្ជូនតែសំណុំរឿងទៅតុលាការ តែជនបង្កហេតុមិនបាននាំទៅទេករណីស្រវឹង បើករថយន្តបុកម៉ូតូបណ្ដាលឱ្យឪពុកម្តាយរងរបួសធ្ងន់និងកូនអាយុ៦០ថ្ងៃស្លាប់។

មន្ត្រីតុលាការបានឱ្យនៅថ្ងៃទី១២ ខែធ្នូនេះថា សំណុំរឿងគ្រោះថ្នាក់ចរាចរលើស្ពានជ្រោយចង្វា​ឱ្យឪពុកម្តាយរងរបួសនិងកូនអាយុ៦០ថ្ងៃស្លាប់ក្នុងមន្ទីរពេទ្យ ត្រូវបានបញ្ជូនមកតុលាការភ្នំពេញ នៅថ្ងៃទី៩ ខែធ្នូ។តំណាងអយ្យការបានស៊ើបអង្កេតលើសំណុំរឿងនេះរួចរាល់ហើយ តែម្ចាស់រថយន្តដែលជាជនបង្កមិនទាន់បញ្ជូនខ្លួនមកនៅឡើយទេ។

គួរបញ្ជាក់ថា កាលពីរំលងអធ្រាត្រឈានចូលចូលថ្ងៃទី៥ ខែធ្នូ នៅលើស្ពានជ្រោយចង្វា គ្រោះថ្នាក់ចរាចរបានកើតឡើងដោយរថយន្តម៉ាក LEXUS NX200t ផ្លាកលេខ ភ្នំពេញ 2BB-9989 បើកលើស្ពានពីលិចទៅកើតបានបុកម៉ូតូម៉ាកHONDA SCOOPY ផ្លាកលេខ កណ្តាល 1B-9978 ពីក្រោយបណ្តាលឱ្យមានស្លាប់និងរបួស រួចបើករត់គេចពីកន្លែងកើតហេតុ។

រថយន្តបង្កម៉ាកLEXUS NX200t ផ្លាកលេខ ភ្នំពេញ 2BB-9989 បើកបរដោយឈ្មោះ សោម ណូរីទីឃា អាយុ១៩ឆ្នាំ នៅខណ្ឌជ្រោយចង្វា ត្រូវឃាត់ខ្លួនក្រោយកើតហេតុ។ជនរងគ្រោះឈ្មោះហុង រត្នថា អាយុ៣៣ឆ្នាំ រងរបួសធ្ងន់ ប្រពន្ធឈ្មោះ មុច ស្រីល័ក្ខ អាយុ៣១ឆ្នាំ រងរបួសធ្ងន់ និងកូនតូចឈ្មោះ មុច សុខឡេង ភេទប្រុស អាយុ៦០ថ្ងៃ បានស្លាប់នៅមន្ទីរពេទ្យគន្ធបុប្ផា។ក្រោយគ្រោះថ្នាក់នេះ ភាគីសងខាងបានឯកភាពគ្នាប្រគល់ទទួលសំណងរដ្ឋប្បវេណីចំនួន២.៥០០ដុល្លារ។

ទោះបីជាមានការបញ្ចប់សំណងរដ្ឋប្បវេណីក្តី ករណីគ្រោះថ្នាក់នេះនៅជាប់បណ្តឹងអាជ្ញា ហើយជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ