សន្ដិសុខសង្គម

ជំនាញកំពុងស្វែងរកចាប់ក្រុមឧក្រិដ្ឋជន គ្រឿងញៀនជិត៩០០គីឡូក្រាម

ព្រះសីហនុ៖អាវុធហត្ថបានបង្ក្រាបការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនៅខេត្តព្រះសីហនុនិងរឹបអូសវត្ថុតាងជិត៩០០គីឡូក្រាម ហើយកំពុងតាមចាប់ក្រុមឧក្រិដ្ឋជនទាំងនោះ។

មន្ត្រីអាវុធហត្ថខេត្តព្រះសីហនុបានឱ្យដឹងថា កម្លាំងជំនាញបានបើកប្រតិបត្តិការចាប់ករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយ ដោយរកឃើញគ្រឿងញៀនចំនួន៣៤បាវ ទម្ងន់៨៨៤គីឡូក្រាម។ការបង្ក្រាបនៅម្តុំឃ្លាំងជួលមួយកន្លែង នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។

ប្រតិបត្តិការនេះសមត្ថកិច្ចនិងអាជ្ញាធរបានបើកការស៊ើបអង្កេត និងស្រាវជ្រាវជាយូរ រហូតឈានទៅដល់ការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយដ៏ធំនេះ។ក្នុងនោះរកឃើញវត្ថុតាងចំនួនជិត៩០០គីឡូក្រាម។ចំពោះគ្រឿងញៀនខាងលើ បានយកទៅរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីបន្តនីតិវិធី។ចំពោះជនសង្ស័យកម្លាំងមន្ទីរជំនាញបានពន្លាតដែនសមត្ថកិច្ចទៅតាមរាជធានី-ខេត្ត ដើម្បីស្វែងរកចាប់ក្រុមឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់៕ដោយ៖វិចិត្រ