សន្ដិសុខសង្គម

ចាប់ជនសង្ស័យបាន៤នាក់ករណីគាស់ផ្ទះលួចលុយជិត៥ពាន់ដុល្លារ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចាប់ជនសង្ស័យ៤នាក់ ចំណោម៧នាក់ករណីគាស់ផ្ទះលួចសម្ភារនិងលុយសរុបជិត៥ពាន់ដុល្លារ។ការចាប់ខ្លួនបានធ្វើឡើងនៅម្តុំផ្ទះជួល ស្ថិតក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនឈ្មោះម៉ា ប៊ុនថា អាយុ៣២ឆ្នាំ ជាកម្មករសំណង់ នៅភូមិព្រៃជីសាក់ ខណ្ឌពោធិ៍សែន ឈ្មោះ ឆាំ រ៉េន អាយុ១៥ឆ្នាំ នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ឈ្មោះ ផន ដានី អាយុ២៩ឆ្នាំ នៅសង្កាត់ចោមចៅទី៣ និងឈ្មោះ រៀម វីឡា អាយុ២១ឆ្នាំ នៅខណ្ឌពោធិ៍សែនជ័យ។រីឯបក្ខពួក៣នាក់ទៀតកំពុងគេចខ្លួន។

ចំណែកម្ចាស់ផ្ទះឈ្មោះយ៉ុង អាយុ១៨ឆ្នាំនៅ ភូមិ សង្កាត់ខាងលើ បានបាត់បង់ទូរសព្ទមួយគ្រឿងតម្លៃជាង១.០០០ដុល្លារនិងលុយ៣.៣០០ដុល្លារ សរុបជិត៥ពាន់ដុល្លារ។បន្ទាប់មកជនរងគ្រោះបានដាក់ពាក្យបណ្តឹង ហើយនគរបាលបានស្រាវជ្រាវតាមរយៈប្រព័ន្ធ GPS ដៃលភ្ជាប់តាមទូរសព្ទ។

សមត្ថកិច្ចចាប់បានជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់រួចនាំទៅសាកសួរនិងបន្តតាមចាប់បក្ខពួក៣នាក់ទៀតកំពុងរត់គេចខ្លួនយកមកអនុវត្តតាមច្បាប់៕ដោយ៖វិចិត្រ