សន្ដិសុខសង្គម

ចាប់ខ្លួនស្ត្រីម្នាក់សង្ស័យចេញសែកស្អុយជាង១លានដុល្លារបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានចាប់បញ្ជូនខ្លួនស្រី្តជាជនសង្ស័យម្នាក់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ពន្ធពីបទឆបោក លើទឹកប្រាក់ប្រមាណជាង១លានដុល្លារ ដោយចេញមូលប្បទានបត្រគ្មានប្រាក់”សែកស្អុយ” ។

ស្រ្តីជាជនសង្ស័យមានឈ្មោះ លី ឈីវហ៊ុយ ភេទស្រីអាយុ២៥ ឆ្នាំ មានទីលំនៅផ្ទះលេខ១៧ ផ្លូវលេខ៤៨៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ទាក់ទិននឹងករណីខាងលើនេះត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា ជាការអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ ៥២២ អយឍ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទចោទ.ឆបោក និងមិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ។

ស្ត្រីឈ្មោះ លី ឈីវហ៊ុយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅតាមផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ខណៈជនសង្ស័យកំពុងធ្វើដំណើរ ។

តាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ដើមចមខាងលើនេះ ដំបូងឡើយផ្តើមចេញពីរឿងម្តាយជនសង្ស័យបានជំពាក់បំណុលអ្នកដទៃជាង១ លានដុលា្លរ។ លុះពេលត្រូវសងគេវិញ ម្ដាយអត់មានលទ្ធភាព ជាហេតុធ្វើឲ្យកូនស្រីឈ្មោះ លី ឈីវហ៊ុយ ប្រើប្រាស់មូលប្បទានបត្រគ្មានប្រាក់សង”ចេញសែកស្អុយ”សងទៅម្ចាស់បំណុលឈ្មោះ គឺម រ៉ុង ភេទស្រី ទើបបានជាម្ចាស់បំណុលដាក់ពាក្យបណ្តឹងឲ្យសមត្តកិច្ចចាត់ការតាមផ្លូវច្បាប់ ៕