សេដ្ឋកិច្ច

ក្រសួង​សាធារណការ រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ទំនើបកម្ម​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ឆ្នាំ​២០២២-២០៣០

​ភ្នំពេញ​៖​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាននិងកំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ទំនើបកម្ម​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ឆ្នាំ​២០២២- ២០៣០​។​

​បើ​យោងតាម​ក្រសួង​សាធារណការ ផែនការ​យុទ្ធសាស្ត្រ​ទំនើបកម្ម​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​នេះ​មាន​គោលបំណង​លើកកម្ពស់​លក្ខខណ្ឌ​រថ​យន្ត​ដឹកទំនិញ​ធុន​ធ្ងន់ និង​អាជីវកម្ម​ដឹកជញ្ជូន​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន តាមរយៈ​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន​បី​រួមមាន​៖ (១)​ការលើកទឹកចិត្ត​ឱ្យប្រើ​ប្រាស់​រថយន្ត​ថ្មីៗ​សម្រាប់​ដឹកទំនិញ (២) ការជំរុញឱ្យ​ប្រើប្រាស់រ​ថ​យន្ត​ដឹកទំនិញ​ដែលមាន​បច្ចេកវិទ្យា​ទំនើប និង (៣)​ការកែលម្អ​ប្រតិបត្តិការ និង​អាជីវកម្ម​ដឹកជញ្ជូន​ទំនិញ​។​

​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់ និង​យានយន្ត​ចាស់ៗមិន​ត្រឹមតែ​ឱ្យ​ខូចខាត​ផ្លូវថ្នល់និង​បរិស្ថានក្នុង​រយៈពេល​វែង​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​​ធ្វើឱ្យប៉ះពាល់​ដល់​សុវត្ថិភាព​ចរាចរណ៍​ផងដែរ​។ ការអនុវត្ត បាន​ជោគជ័យ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ទំនើបកម្ម​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ឆ្នាំ​២០២២-២០៣០គឺជា​ក​ត្តាសំខាន់​ណាស់ដើម្បី​ចូលរួម​លើកកម្ពស់​ការអនុវត្ត​ស្តង់ដារ​ជាតិ​ស្តីពី​ការ​បំ​ភាយ​ឧស្ម័ន​សម្រាប់​រថយន្ត​នាំចូល រួមទាំង​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ផងដែរ​។​

​ដើម្បី​អនុវត្ត​ឱ្យបាន​សម្រេច​ពេញលេញ​នូវ​គោលដៅ នៃ​ផែនការ​យុទ្ធសាស្ត្រ​នេះ យុទ្ធសាស្ត្រ​ចំនួន​៤ ត្រូវបាន​ស្នើឡើង​៖ យុទ្ធសាស្ត្រ​ទី​១. ការផ្លាស់ប្តូរ​រថយន្ត​ដឹកទំនិញ​ចាស់ៗយុទ្ធសាស្ត្រ​ទី​២.ការលើកទឹកចិត្តឱ្យប្រើ​ប្រាស់​រថយន្ត​ដឹកទំនិញ​ដែលមាន​មេត្រីភាព​នឹង​បរិស្ថាន យុទ្ធសាស្ត្រ​ទី​៣.ការកែលម្អ​ប្រតិបត្តិការរថយន្ត​ដឹកទំនិញនិង​យុទ្ធសាស្ត្រ​ទី​៤.ការធ្វើ​ទំនើបកម្ម​អាជីវកម្មនិង​ប្រតិបត្តិ​ការដឹកជញ្ជូន​ទំនិញ​

​ដើម្បី​អនុវត្តបាន​ជោគជ័យ​ផែនការ​យុទ្ធសាស្ត្រ​ទំនើបកម្ម​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ ឆ្នាំ​២០២២-២០៣០ គឺ​ទាមទារ​នូវ​ការប្ដេជ្ញាចិត្ត​ខ្ពស់​ពី​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន រួមមាន​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​សំខាន់ៗ និង​វិស័យ​ឯកជន រួមទាំង​ប្រតិបត្តិការ​អាជីវកម្ម​ដឹកជញ្ជូន​។ សំខាន់បំផុត គឺ​កិច្ចសហការ​យ៉ាង​ស្អិតរ​មួ​ត និង​សកម្ម​ពី​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធានា​ដល់​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​នេះ​ឱ្យបាន​ពេញលេញ និង​ល្អប្រសើរ​៕ដោយៈសិរីមតី