សន្ដិសុខសង្គម

កំពុងស្វែងរកចាប់ឃាតកសម្លាប់មនុស្ស ប្លន់យកម៉ូតូនៅស្រុកអង្គរជ័យ

កំពត៖រហូតមកដល់ពេលនេះ ទាំងអាវុធហត្ថនិងនគរបាល កំពុងស្វែងរកចាប់ឃាតកសម្លាប់មនុស្សសង្ស័យប្លន់យកម៉ូតូ រួចទុកសពចោលក្នុងភូមិអូរម្កាក់ ស្រុកអង្គរជ័យ ខេត្តកំពត។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១០​ ខែធ្នូ អ្នកភូមិបានប្រទះឃើញបុរសម្នាក់ត្រូវបានជនមិនស្គាល់មុខសម្លាប់ហើយទុកសពចោលសង្ស័យប្លន់យកម៉ូតូនៅស្រុកអង្គរជ័យ រួចបានយកម៉ូតូទៅប្លុងចោលនៅស្រុកកំពង់ត្រាច ខេត្តកំពត។

ក្រុមគ្រួសារបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះទុំ ចាន់ថា ហៅហេង អាយុ២៩ឆ្នាំ នៅភូមិត្រពាំងខ្យង  ឃុំអង្គភ្នំតូច  ស្រុកអង្គរជ័យ ជាអ្នកបើករថយន្តដឹកអីវ៉ាន់ចាប់ហួយដាក់ឱ្យម៉ូយ។នៅថ្ងៃសីលពេញបូណ៌មី ជនរងគ្រោះបានទៅផ្សារតានីទិញផ្លែឈើមកសែនក្បាលឡាន ហើយបាត់ដំណឹងរហូត ទូរសព្ទទាក់ទងក៏មិនបាន។ឈ្មោះទុំ ចាន់ថា បានបាត់ខ្លួនតាំងពីថ្ងៃទី៨ ខែធ្នូ រហូតដល់រសៀលថ្ងៃទី១០ ទើបគេឃើញសពនៅក្នុងព្រៃ។រីឯម៉ូតូត្រូវបានគេយកទៅប្លុងចោលក្នុងស្រុកកំពង់ត្រាចដោះផ្នែកខាងក្រោយ ទាំងផ្លាកលេខចោលអស់។

បន្ទាប់ពីមានករណីឃាតកម្មកើតឡើង នគរបាល-អាវុធហត្ថខេត្ត សហការជាមួយនគរបាលស្រុកអង្គរជ័យបន្តការស្រាវជ្រាវក្នុងករណីនេះដើម្បីតាមចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕ដោយៈវិចិត្រ