សន្ដិសុខសង្គម

កូនៗឈ្លោះវាយតប់គ្នាដណ្ដើមសពម្តាយ ខណៈផ្តាំផ្ញើកូនពៅ តែបងៗមិនព្រម

ខេត្តព្រះសីហនុ៖រឿងរ៉ាវដ៏កម្រសឹងមិនដែលមាន ពេលម្ដាយស្លាប់ កូនៗបានឈ្លោះរហូតវាយតប់គ្នាដណ្ដើមសព ខណៈកូនពៅធ្វើតាមបណ្តាំម្តាយ រីឯបងៗមិនព្រម ក៏កើតជម្លោះផ្អើលខេត្តព្រះសីហនុ។

អ្នកចូលរួមបុណ្យសពបាននិយាយថា នៅស្រុកស្ទឹងហាវ បុរសម្នាក់ដែលបានមើលថែទាំម្តាយជិត១០ឆ្នាំ រហូតម្តាយស្លាប់ក៏ត្រូវបានបងស្រីបង្កើតនិងសាច់ញាតិមកដឹកយកទៅបញ្ចុះនៅកន្លែងផ្សេងដែលខុសពីបណ្តាំម្តាយកាលនៅរស់។ចុងក្រោយអ្នកចាត់ចែងតម្កល់សពបាននាំគ្នាលីសែងមឈូសដាក់លើឡានដើម្បីហែយកទៅបញ្ចុះនៅកន្លែងផ្សេង។

ជុំវិញរឿងដណ្តើមសពម្តាយទៅបញ្ចុះទីកន្លែងផ្សេងគ្នានេះ ភាគីបងស្រីបង្កើតទាំង២នាក់ ឈ្មោះស៊ុន វន្នី និង ស៊ុន វណ្ណា កំពុងមានជម្លោះជាមួយបុរសស៊ុន ជីវលី ត្រូវជាប្អូនពៅ ពុំអាចសុំការបំភ្លឺបានទេ ដោយជាប់រវល់រៀបចំបញ្ជូនសពម្តាយចេញយកទៅបញ្ចុះនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ចំណែកបុរសស៊ុន ជីវលី ដែលអះអាងជាកូនពៅក្នុងគ្រួសារ បានឱ្យអ្នកសារព័ត៌មានដឹងថា ​ខ្លួនគេជាអ្នកនៅមើលថែម្ដាយរហូតមុនពេលម្ដាយស្លាប់។ក្នុងនោះម្ដាយក៏បានឱ្យមេធាវីធ្វើលិខិតបណ្ដាំមរតក និងបណ្ដាំជាសំឡេងផងដែរ។“ប៉ុន្តែអ្វីៗគឺមិនមានន័យអ្វីទាំងអស់ គឺបងស្រីទាំង២នាក់ បាននាំសាច់ញាតិមកចោមរោមសម្លុតគំរាមកំហែងវាយដំមកលើរូបខ្ញុំឱ្យព្រមប្រគល់សពម្តាយឱ្យពួកគាត់តាមសម្រួល។ នៅពេលរៀបបញ្ជូនសពម្តាយចេញខ្ញុំមិនព្រម ពួកគាត់ក៏បានវាយធ្វើបាបខ្ញុំ” ។

ជុំវិញបញ្ហាជម្លោះដណ្តើមសពម្តាយនេះ លោកយាយ លី ជៀន អាយុ ៧៦ឆ្នាំ​ នៅផ្ទះជិតគ្នាបានប្រាប់ថា កូនប្រុសពៅនេះហើយគឺជាអ្នកនៅមើលថែទាំម្ដាយរហូតដល់ថ្ងៃម្ដាយលាចាកលោក ខណៈបងស្រីទាំង២នាក់យូរៗបានឃើញមុខម្ដងប៉ុណ្ណោះ៕ដោយ៖វិចិត្រ