កីឡា

Neymar និយាយថា ទំនង​ជា​ឈប់​លេងឱ្យ​ប្រេស៊ីល ក្រោយធ្លាក់ពី World Cup

កីឡាករ​ដ៏​ឆ្នើម​ Neymar ​របស់​ក្រុមប្រេស៊ីល កាល​ពី​ថ្ងៃសុក្រ បានព្រលយ​ពាក្យថា រូប​គេ​អាចនឹងចូល​និវត្តន៍​ពីបាល់ទាត់អន្តរជាតិ ដោយនិយាយថា ​មិនអាចធានា ១០០ភាគរយទេថា នឹងលេងឱ្យក្រុម​ជម្រើសជាតិម្តងទៀត បន្ទាប់​ពី​ក្រុម​យក្ស​របស់​តំបន់​អាមេរិក​ឡាទីន​មួយ​នេះ ត្រូវ​ហាល​អាវ (ធ្លាក់​ចេញ) ដោយ​សារចាញ់​​ក្រុម​ក្រូអាស៊ី ក្នុង​វគ្គប៉េណាល់​ទី​កាត់ក្ដី​។

ដោយ​និយាយ​បន្ទាប់ពីរង​ការបរាជ័យ ក្នុងការប្រកួតវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍​ World Cup នៅប្រទេសកាតា ស៊ុបភើស្តាររបស់ក្លិប Paris Saint-Germain បាន​លើក​ឡើង​ថា រូប​គេអាចចាកចេញ​ហើយ​។

​«ខ្ញុំ​មិនបាន​​បិទ​ទ្វារ​ សម្រាប់​​ក្រុម​ជម្រើស​ជាតិ​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ធានា ១០០ភាគរយ​ថា​ ខ្ញុំ​នឹង​ត្រឡប់​មក​វិញដែរ។ ខ្ញុំ​ត្រូវតែ​​គិត​បន្តិចថែម​ទៀត​​អំពី​រឿង​នេះ និង​អំពី​អ្វី ​ដែល​ជា​រឿង​ត្រឹមត្រូវ​ សម្រាប់​ខ្ញុំ និង​​ក្រុម​ជម្រើស​ជាតិ»។ នេះ​ជាសម្ដី​របស់​កីឡាករ Neymar វ័យ ៣០ឆ្នាំ ​ដែល​បាន​និយាយដោយ​សំឡេង​ញ័រ​ៗ អម​ដោយ​អារម្មណ៍​រំជួល​ចិត្ត​។

កីឡាករ Neymar បានតាមស្មើកំណត់ត្រាចំនួន​គ្រាប់​បាល់​សរុបរបស់លោក Pele ដែលរកបាន ៧៧គ្រាប់ សម្រាប់ក្រុមប្រេស៊ីល ដោយ​ការស៊ុតបាល់បញ្ចូលទី​យ៉ាង​អស្ចារ្យ កាលពីថ្ងៃសុក្រ ប៉ុន្តែគួរ​ឱ្យ​សោក​ស្ដាយ​គ្រាប់បាល់​​នាំ​មុខ​របស់​គេ​នោះ ត្រូវ​បាន​បំផ្លាញ​ដោយ​គ្រាប់​បាល់​របស់​កីឡាករ Bruno Petkovic ដែល​ជួយ​ឱ្យ​ក្រុម​ក្រូអាស៊ី​តាម​ស្មើ នៅ​ប្រមាណ​ជា ៣នាទីចប់​ម៉ោង​បន្ថែម​ពិសេស​។

ក្នុង​វគ្គប៉េណាល់​ទី​កាត់​ក្ដី កីឡាកររបស់​ក្រុម​ប្រេស៊ីលរូបនេះ មិនបានស៊ុតនោះ​ទេ។ ការព្យាយាម​ទាត់​របស់កីឡាករ Rodrygo ត្រូវបានជួយសង្គ្រោះដោយអ្នក​ចាំ​ទី​ Dominik Livakovic ហើយ​កីឡាករ Marquinhos ទាត់​បុកបង្គោលទី ខណៈដែលកីឡាករ​របស់​ក្រុម​ក្រូអាស៊ី បានស៊ុតបញ្ចូលទីទាំង ៤គ្រាប់ ដែល​នាំ​ឱ្យ​ក្រុម​របស់​អឺរ៉ុប​មួយ​នេះ ឈ្នះក្នុង​លទ្ធផល ៤-២។

កាលពី ៤ឆ្នាំមុន នៅប្រទេសរុស្ស៊ី កីឡាករ Neymar និងក្រុម​ប្រេស៊ីល បានធ្លាក់​ចេញ​ដោយ​ឈឺចាប់ នៅដំណាក់កាលនេះ​ដូចគ្នា ដោយសារ​​ស្នា​ដៃរបស់ក្រុម​បែលហ្ស៊ិក។ ក្នុងឆ្នាំ២០១៤ ក្នុង​នាម​ជាម្ចាស់​ផ្ទះ ក្រុម​ប្រេស៊ីល ត្រូវអាម៉ាស់មុខ​ ដោយសារ​ក្រុម​អាល្លឺម៉ង់ ក្រោយ​ចាញ់​ដល់​ទៅ ៧-១ ក្នុង​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែល​កីឡាករ Neymar មិន​បាន​ចូល​លេងនោះឡើយ ​ដោយសារមាន​របួស។

កីឡាករ Neymar បាន​និយាយ​បន្ថែម​ថា៖ «វា​ជា​ការ​មាន​អារម្មណ៍​ដ៏សែន​​អាក្រក់បំផុត​ ខ្ញុំ​គិត​ថា នេះ​ជា​អារម្មណ៍​ដ៏​អាក្រក់​ជាង​អ្វី ដែល​បាន​កើត​ឡើង ​នៅ World Cup ពី​លើក​មុន។ វាគឺ​ពិត​ជា​​ពិបាក ​ក្នុង​ការ​ស្វែង​រក​ពាក្យពេចន៍​មក​​​ពណ៌នា​ណាស់ នា​ពេល​នេះ»៕