អន្តរជាតិ

អតីតជំនួយការរុស្ស៊ី​៖ ពូទីននឹងភៀសខ្លួនទៅអាម៉េរិកខាងត្បូង បើសិនចាញ់សង្រ្គាម

អតីតជំនួយការនិងទីប្រឹក្សានយោបាយរុស្ស៊ីម្នាក់បានទម្លាយព័ត៌មានរសើបថា ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌឹមៀរពូទីន មានគម្រោងភៀសខ្លួនទៅកាន់អាម៉េរិកខាងត្បូងហើយ ប្រសិនបើក្នុងករណី​ដែលចាញ់សង្រ្គាមនៅអ៊ុយក្រែន។

នេះដោយយោងតាមគេហទំព័រ Business Insider បានដកស្រង់ការអះអាងរបស់អតីតជំនួយការ និងធ្លាប់ជាទីប្រឹក្សាវិមានក្រឹមឡាំង លោក Galyamov លើបណ្តាញតេលេក្រាមគណនីផ្ទាល់ខ្លួន។ លោកបានអះអាងថា ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ា ឌឹមៀរពូទីន ក៏ដូចជារដ្ឋបាលនៃវិមាន​ក្រឹមឡាំង​កំពុងមានគម្រោងផែនការបម្រុងទុកជម្លៀសខ្លួននៅនិទាឃរដូវ ពិសេសក្នុងករណីដែលសង្រ្គាមនៅ​អ៊ុយក្រែនបរាជ័យ។ Galyamov បាននិយាយដោយផ្អែកលើបណ្តាញរបស់លោកថា លោកពូទីនក៏នឹង​គ្រោងធ្វើដំណើរទៅកាន់ប្រទេសអាម៉េរិកខាងត្បូងផងដែរ បើគាត់ចាញ់សង្រ្គាម ខណៈក្នុងនោះមាន​ជម្រើសពីរគឺប្រទេស អាហ្សង់ទីន និងវេណេហ្ស៊ុយអេឡា។

លោកបន្តថា ដំបូងឡើយលោកពូទីន បានពិចារណាគ្រោងទៅកាន់ប្រទេសចិន ប៉ុន្តែក្រោយមកបាន​ច្រានចោលគំនិតនេះ ដោយឈរលើមូលដ្ឋានថា ឱកាសនៃកិច្ចសហប្រតិបត្តិការពីចិន​ទំនងជាមាន​តិចតួចបំផុត។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពឯករាជ្យមិនអាចផ្ទៀងផ្ទាត់ការអះអាងរបស់អតីតមន្រ្តីរុស្ស៊ីនេះ​បានឡើយ។ គួរជម្រាបថា លោក Galyamov គឺជាក្រុមសរសេរសុន្ទរកថារបស់លោកពូទីនកាលពី​ឆ្នាំ២០០០ ដល់ឆ្នាំ ២០០១ និងឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១០ ។ តែក្រោយមកចាប់តាំងពីឆ្នាំ២០១៨មក គាត់បានរស់នៅនិរទេសក្នុងប្រទេសអ៊ីស្រាអែល៕

ប្រភព៖ ​  Business Insider

ប្រភពរូប៖Business Insider
ប្រែសម្រួល៖សុខ តុលា