សន្ដិសុខសង្គម

ចាប់បុរសសម្លាប់ប្រពន្ធនៅខណ្ឌដង្កោ និងត្រៀមបញ្ជូនទៅតុលាការ

ភ្នំពេញ​៖ជនសង្ស័យសម្លាប់ប្រពន្ធនៅខណ្ឌដង្កោ រួចចាក់សោបន្ទប់ជួលរត់គេចខ្លួនកាលពីថ្ងៃទី៦ ខែធ្នូនោះ សមត្ថកិច្ចចាប់បានហើយនៅរសៀលថ្ងៃទី៨ ខែធ្នូ និងត្រៀមបញ្ជូនទៅតុលាការចាត់ការ តាមនីតិវិធី។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងដោយរំលឹកថា ជនសង្ស័យ​ជាប្ដីដែលខ្ទប់មាត់និងច្រមុះប្រពន្ធឱ្យ ថប់ដង្ហើមរហូតស្លាប់ក្នុងបន្ទប់ជួល រួចចាក់សោហើយគេចខ្លួនបាត់​នៅខណ្ឌដង្កោ កាលពីថ្ងៃទី៦​ ខែធ្នូ​ នោះ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានហើយ។ការចាប់ខ្លួនធ្វើឡើងដោយកម្លាំងនគរបាល ក្រសួងមហាផ្ទៃ-នគរបាលរាជធានីភ្នំពេញនិងនគរបាលខេត្តកណ្តាល នៅផ្លូវជាតិលេខ៥ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យជាប្តីឈ្មោះ គឹម សំអាន អាយុ៥៤ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិសង្កាត់ខាងលើ។ស្ត្រីដែលស្លាប់ឈ្មោះកង គា ហៅអាឈី អាយុ៣៥ឆ្នាំ ជាកម្មកររោងចក្រ ទីកំណើត ឃុំចុងអម្ពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ស្នាក់នៅកន្លែងជាមួយប្តី។

ក្រោយចាប់ខ្លួន បុរសរូបនោះបានសារភាពថា មូលហេតុគឺព្រោះតែរឿងប្រចណ្ឌ ដោយសារតាម ទាន់ប្រពន្ធបានឆាតទាក់ទងជាមួយប្រុសថ្មី។ទ្រាំមិនបានក៏សម្លាប់ប្រពន្ធ ហើយយកភួយគ្រប ពីលើសពនិងចាក់សោបន្ទប់ពីខាងក្រៅរួចរត់គេចខ្លួនតែម្តង៕ដោយ៖វិចិត្រ