អន្តរជាតិ

អគ្គិភ័យ​ឆេះ​រោងចក្រ​ផលិត​សម្បកកង់យន្តហោះរុស្ស៊ីក្នុងទីក្រុង Barnaul

អគ្គិភ័យបានឆាបឆេះរោងចក្រផលិតសម្បកកង់យន្តហោះ និងសម្ភារយោធារុស្ស៊ីមួយកន្លែងក្នុងទីក្រុង Barnaul ភាគកណ្តាលប្រទេសរុស្ស៊ី កាលពីល្ងាចថ្ងៃសុក្រទី ៩ ខែធ្នូ។

យោងតាមការដកស្រង់របស់ការិយាល័យព្រះរាជអាជ្ញារុស្ស៊ីតំបន់ Altai Krai បានឲ្យដឹងថា ភ្លើងបានឆាបឆេះនៅវេលាម៉ោង៥ លើរោងចក្រផលិតសម្បកកង់យន្តហោះ និងសម្ភារយោធារុស្ស៊ី​មួយកន្លែង លើទំហំដី ១០០០ម៉ែត្រក្រឡា។ ប្រតិបត្តិការនេះមានភាពស្មុគស្មាញដោយសារ​សីតុណ្ហភាពទាប និងផ្សែងខ្លាំង។

អាជ្ញាធរបានដាក់ពង្រាយក្រុមភ្នាក់ងារពន្លត់១១០​នាក់ និង​រថយន្ដ​៣៣​គ្រឿង​បាន​ចូលរួម​ពន្លត់​ភ្លើង​ ខណៈបន្ទាប់ពី៥ម៉ោង ភ្លើងក៏ត្រូវបានពន្លត់ជាស្ថាពរ សង្រ្គោះបានមនុស្ស​បី​នាក់​ចេញពីរោងចក្រ។ ព័ត៌មានបន្ថែម​មិន​មានអ្នក​របួស   និងអ្នក​ស្លាប់​នោះទេ។ ការិយាល័យ​អយ្យការ​មូលដ្ឋាន​កំពុង​បើក​ការ​ស៊ើបអង្កេត ដើម្បី​រក​មូលហេតុ​នៃ​ការ​ឆេះ​នេះ៕

ប្រភព៖ ​  Pravda

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា