សេដ្ឋកិច្ច

មក​ដឹង​ពី​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ ភ្ជាប់​ពី​ផ្សារ​រាត្រី​ទៅ​អរិយ​ក្សត្រ

​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២២​នេះបានបង្ហាញ​លក្ខណៈពិសេស​មួយចំនួន​នៃគម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដែល​ភ្ជាប់​ពី​ផ្សារ​រាត្រី​-​ជ្រោយចង្វារនិង​ពី​ជ្រោយចង្វារ-អរិយ​ក្សត្រ​។​

​ក្រសួង​បញ្ជាក់ថា សម្រាប់​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ (​ផ្សារ​រាត្រី​-​ជ្រោយចង្វារ​, ជ្រោយចង្វារ – អរិយ​ក្សត្រ ) [Cambodia-Korea Friendship Bridge Project ]មាន​ទឹកប្រាក់​ឥណទាន​ចំនួន២៤៥ ៩០៩ ០០០ដុល្លារ​អាមេរិក​។ វិសាលភាព​របស់ ​គម្រោង គឺ​សាងសង់​ស្ពាន​ចំនួន ២ នៅ​ទីតាំង «​ផ្សារ​រាត្រី – ជ្រោយចង្វារ និង ជ្រោយចង្វារ – អរិយ​ក្សត្រ​» ជា​ស្ពាន​ប្រភេទ​ខ្សែកាប​យោង​ខ្ពស់ (Cable-Stayed Bridge)សាងសង់​ជា​៤​គន្លង(4 Lanes)ប្រភេទ A/C,ទទឹង​ស្ពាន​មាន​ប្រវែង​សរុប២៧,៥ ម៉ែត្រ និង​ទទឹងផ្លូវ​ប្រវែង​២២,៥ ម៉ែត្រ ដែលមាន​មេ​ដ្យា​ន​៣​ម៉ែត្រ និង​ចិញ្ចើមផ្លូវ ៣ ម៉ែត្រ​, ល្បឿន​អតិបរមា ៨០ គ​.​ម​/​ម៉ោង​។​

គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​នេះ ត្រូវ​សាងសង់​ស្ពាន​ចំនួន​២​រួមមាន​៖​ស្ពាន​ទី១៖ឆ្លងកាត់​ទន្លេសាប (​ចាប់ ផ្តើម​ពី​ចំណុច​ម្តុំ​សួន​ផ្សារ​រាត្រី (​ផ្សារ​ចាស់​) ឆ្លងកាត់​ទៅ​ត្រើយម្ខាង​ជ្រោយចង្វារ (​ក្បែរ​សណ្ឋាគារ​សុខា​) មាន​ប្រវែង ១,១៩ គ​.​ម និង​ស្ពាន​ទី ២៖ ឆ្លងកាត់​ទន្លេមេគង្គ ចាប់ផ្តើម​ពី​ចំណុច​ត្រើយម្ខាង​ជ្រោយចង្វារ (​ក្បែរ​សណ្ឋាគារ​សុខា​) ឆ្ពោះទៅ​ប្រសព្វ​នឹង​ផ្លូវ​លេខ ៣៨០ ឃុំ​អរិយ​ក្សត្រ (​ស្រុក​ល្វាឯម​/​ខេត្តកណ្តាល​) មាន​ប្រវែង ១,១៨ គ​.​ម និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវ​ប្រសព្វ​នឹង​ផ្លូវ​លេខ ៣៨០ មាន​ប្រវែង ១,១៧ គ​.​ម ។​

​គម្រោង​នេះ មាន​រយៈពេល​អនុវត្ត​ចំនួន ៥ ឆ្នាំ ២ ខែ (៦២ ខែ​) និង​រយៈពេល​សាងសង់​ចំនួន ៣ ឆ្នាំ ៩ ខែ (៤៧​ខែ​)​។​

​សូមជម្រាបថា គម្រោង​ឥណទាន​ទឹកប្រាក់​ជាង ២៤៥ លាន​ដុល្លារ​សម្រាប់​សាងសង់​ស្ពាន មិត្តភាព​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​នេះ ត្រូវ បាន​ g;ចុះហត្ថលេខា​នៅ​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២២​នេះ រវាង​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី Minnie Chey ប្រធាន​តំណាង​មូលនិធិ​សម្រាប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​សេដ្ឋកិច្ច នៃ​ធនាគារ​នីហរ័ណ អាហរ័ណ​កូរ៉េ (EDCF/ Korea Eximbank) ប្រចាំ​នៅ​កម្ពុជា ក្រោម​អធិបតី​ភា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​៕​ដោយៈសិរីមតី