អន្តរជាតិ

ពូទីនថានឹងកាត់បន្ថយការផលិត ឆ្លើយតបនឹងលោកខាងលិចដែលទម្លាក់តម្លៃប្រេងខ្លួន

ប្រធានាធិបតីរុស្ស៊ី ពូទីន បានព្រមានថា ប្រទេសលោកនឹងកាត់បន្ថយទិន្នផលការផលិត ដើម្បីឆ្លើយតបនឹងវិធានការឆោតល្ងង់របស់លោកខាងលិចដែលទម្លាក់តម្លៃប្រេងរបស់ខ្លួន។

មេដឹកនាំរុស្ស៊ី លោកវ្ល៉ា ឌឹមៀរពូទីន បានប្រាប់អ្នកយកព័ត៌មានបែបនេះនៅក្នុងទីក្រុង Kyrgyz កាលពីថ្ងៃសុក្រទី ៩ ខែធ្នូ ឆ្នាំ២០២២។ លោកថា “ចំពោះប្រតិកម្មរបស់យើង ខ្ញុំបាននិយាយរួចហើយថា យើងនឹងមិនលក់ទៅឱ្យប្រទេសទាំងឡាយណាដែលធ្វើការសម្រេចចិត្តបែបនេះមកលើយើងទេ”។ “យើងនឹងគិត គិតពីលទ្ធភាពមួយ បើចាំបាច់ យើងនឹងកាត់បន្ថយផលិតកម្មតែម្តង”។ ពូទីនបានវាយបកលោកខាងលិចថា “អ្វីៗទាំងអស់នេះនឹងនាំឱ្យធ្លាក់លង់ក្នុងមហន្តរាយនៃតម្លៃ និងការដួលរលំនៃវិស័យថាមពលសកល។ នេះគឺជាសំណើដ៏ឆោតល្ងង់ គំនិតមិនល្អ និងការគិតមិនល្អ”។

គួររំលឹកជាថ្មីថា កាលពីថ្មីៗនេះ សហភាពអឺរ៉ុបបានរួមគ្នាទម្លាក់តម្លៃប្រេងរុស្ស៊ីត្រឹម ៦០ដុល្លារក្នុងមួយបារែល ដែលជាទំហំតម្លៃទាបបំផុតមួយ ក្នុងគោលបំណងដាក់ទណ្ឌកម្មរុស្ស៊ីរឿងឈ្លានពានប្រទេសអ៊ុយក្រែន។ សហភាពអឺរ៉ុបបានប្តេជ្ញាចំពោះជំហរនេះមិនផ្លាស់ប្តូរ និងរំពឹងថាវិធានការនេះនឹងច្របាច់កប្រភពចំណូលរបស់រុស្ស៊ី។

ចាប់តាំងពីអ្នកភូមិសាស្ត្រសូវៀតបានរកឃើញប្រេង និងឧស្ម័ននៅក្នុងវាលភក់នៃ     ស៊ីបេរី ក្នុងទសវត្សរ៍ក្រោយសង្គ្រាមលោកលើកទីពីរមក ការលក់ប្រេងនិងឧស្ម័នទៅកាន់ទ្វីបអឺរ៉ុប គឺជាប្រភពដ៏សំខាន់មួយនៃប្រាក់ចំណូលរូបិយប័ណ្ណបរទេសរបស់រុស្ស៊ី៕

ប្រភព៖ ​  REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា