កីឡា

អ្នកដេញ​តាម​​កំណត់ត្រា Kane កំពុង​នាំអង់គ្លេស​ដេញតាម​ជោគ​ជ័យ នៅ World Cup

ខ្សែបយុទ្ធ Harry Kane កំពុងកៀក​ៗ​នឹងការ​​បាន​ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើន​ជាង​គេ​បង្អស់​ជា​កំណត់ត្រារបស់ក្រុម​អង់គ្លេស ប៉ុន្តែកីឡាករ​ឆ្នើម​មិនអាត្មា​និយម​រូប​នេះ នឹងសុខ​ចិត្ត​ប្ដូរ​និមិត្ត​រូប​ជា​ប្រវត្តិសាស្ត្រ​នោះ​ដោយ​រីករាយ ដើម្បីមានឱកាស ក្នុង​ការ​ជួយ​នាំក្រុម​ជម្រើស​ជាតិ​របស់ខ្លួនឱ្យ​បាន​ឈ្នះ​ពាន​រង្វាន់ ក្នុង​ព្រឹត្តិការណ៍ World Cup។

កីឡាករ Kane ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​វគ្គ ​៨​ក្រុម​ចុង​ក្រោយ​របស់ក្រុម​អង់គ្លេស​ ទល់​នឹង​ក្រុម​ម្ចាស់​ជើង​ឯក​ចាស់​​បារាំង​ នា​​ថ្ងៃ​សៅរ៍នេះ ​ដោយ​តាម​តែ​ ១​គ្រាប់​​ពី​ក្រោយ​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ជា​​កំណត់​ត្រា​របស់ក្រុម​កំណាច គឺ​លោក​ ​Wayne Rooney។

កីឡាករ​វ័យ ២៩ឆ្នាំ​ បាន​ទម្លុះ​សំណាញ់​​ទី​​លើក​ដំបូង នៅ World Cup ឆ្នាំ​នេះ ​ក្នុង​​ជ័យ​ជម្នះ ៣-០ លើ​ក្រុម​​សេណេហ្គាល់ ក្នុង​ការ​ប្រកួត​វគ្គ ១៦ក្រុម​ ​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​ធ្វើ​ឱ្យគ្រាប់​បាល់​អាជីព​​សរុបរបស់​គេ​ ក្នុង​ក្រុម​អង់គ្លេស ​មាន​ចំនួន ៥២គ្រាប់​។ កីឡាករ Kane ក៏ធ្វើ​បាន​លើស​លោក Gary Lineker ក្នុង​នាម​ជាអ្នកស៊ុតបញ្ចូលទីនាំមុខគេគ្រប់កាល​របស់អង់គ្លេស ក្នុងការប្រកួតធំៗ ដោយរកបាន ១១គ្រាប់។

គ្រូបង្វឹកក្រុមអង់គ្លេស លោក Gareth Southgate មានអារម្មណ៍ធូរស្រាល ពេលឃើញកីឡាករ Kane បញ្ចប់ចំពោះ​មន្ទិល​សង្ស័យពីទម្រង់លេងរបស់គេ ដោយ​និយាយថា៖ «ខ្សែប្រយុទ្ធកណ្តាលរូប​ណា​ក៏ដោយ ចង់ឈាន​ដល់​ចំណុច​នេះ ហើយពិតណាស់ រូប​គេបាន​បញ្ចប់​រាល់ការ​ងឿង​ឆ្ងល់ទាំង​អស់​»។

ដោយបានឈ្នះស្បែកជើងមាស នៅ World Cup 2018 ជាមួយនឹងចំនួនគ្រាប់បាល់ ៦គ្រាប់ ក្នុងដំណើរ​ផ្លូវ​របស់ក្រុម​អង់គ្លេស ដែល​ឡើង​រហូត​ដល់​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ កីឡាករ Kane បាន​ដឹងពីតម្លៃដ៏ធំធេងរបស់ខ្លួន ចំពោះក្រុមរួចស្រេច​ហើយ។

ប៉ុន្តែភាពចាស់ទុំ និងនិស្ស័យមិនគិតតែពីប្រយោជន៍​ផ្ទាល់ខ្លួនរបស់​រួប​គេ ក៏ជាធាតុផ្សំដ៏សំខាន់ សម្រាប់ភាពជោគជ័យរបស់ក្រុម​អង់គ្លេសផងដែរ ខណៈ​ដែល​បាន​​ធ្វើ​តួនាទី ដែលអាចនឹង​ឱ្យ​រូប​គេ​រកគ្រាប់បាល់បានតិច ប៉ុន្តែជួយមិត្តរួមក្រុម ដូចជាកីឡាករ Phil Foden និង Bukayo Saka រះ​ឡើង​យ៉ាង​ត្រដែត។

លោក Southgate បានកត់សម្គាល់ឃើញ​នូវ​ចំណែក​សំខាន់របស់កីឡាករ Kane ក្នុងការប្រកួតជាមួយ​ក្រុម​សេណេហ្គាល់ នៅ​ពេល​ដែល​ខ្សែប្រយុទ្ធរបស់ក្រុម Tottenham រូប​នេះ បានទម្លាក់​ទៅ​លេង​នៅ​តំបន់កណ្តាល ដើម្បីសហការ​ជាមួយ​កីឡាករ Jude Bellingham ដែលទុក​កន្លែង​​ទំនេរឱ្យ​កីឡាករ Foden និង Saka នៅផ្នែកឆ្វេង​ស្ដាំ៕