អន្តរជាតិ

អ៊ុយក្រែនវាយតម្លៃពីយុទ្ធសាស្រ្តសង្រ្គាម បច្ចុប្បន្នរបស់រុស្ស៊ីក្នុងរដូវរងា

រដ្ឋាភិបាលទីក្រុងគៀវ បានដាក់ការវាយតម្លៃសំខាន់ៗពីយុទ្ធសាស្រ្តសង្រ្គាមរបស់រុស្ស៊ីនៅក្នុងរដូវរងានេះ ខណៈរុស្ស៊ីរៀបចំបំភិតបំភ័យថានឹងប្រើអាវុធនុយក្លេអ៊ែរ។

យោងតាមលោក Mikhail Podolyak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន សរសេរនៅលើ​បណ្តាញសង្គម Twitter កាលពីថ្ងៃទី ៨ខែធ្នូ បានឲ្យដឹងថា រុស្ស៊ីបានរៀបចំនូវយុទ្ធសាស្រ្តសំខាន់មួយ​ចំនួនក្នុងអំឡុងរដូវរងានេះ។ លោកបានសរសេរថា “ការភ្នាល់បែបបុរាណរបស់លោកពូទីន ឬជាការភ្នាល់របស់វិមានក្រឹមឡាំងសម្រាប់រដូវរងានេះ”។

ការវាយតម្លៃទី១ គឺថារុស្ស៊ីនឹងបន្តការវាយប្រហារលើបណ្តាញថាមពលអ៊ុយក្រែន ប្រល័យពូជសាសន៍​ដើម្បីទុកឱ្យមនុស្សរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ និងបង្កឲ្យមានជនភៀសខ្លួន។ ទី២ រុស្ស៊ីកំពុងធ្វើយុទ្ធនាការផ្សាយព័ត៌មាននៃបទឈប់បាញ់ដើម្បីបញ្ចប់ការឈឺចាប់។ ទី៣ រុស្ស៊ីកំពុងបំភិតបំភ័យតាមរយៈវោហារសាស្រ្តនុយក្លេអ៊ែរក្នុងករណីដែលពួកគេបរាជ័យជិតចាញ់សង្រ្គាម។ តាមរយៈការវាយតម្លៃចុងក្រោយ អ៊ុយក្រែនចង់មានន័យថា រុស្ស៊ីនឹងមិនប្រើនុយក្លេអ៊ែរទេ ពួកគេបានត្រឹមតែបំប៉ោងបំភ័យប៉ុណ្ណោះ ខណៈដែលកងកម្លាំងរុស្ស៊ីកំពុងជួបឧបសគ្គ​វាយអ៊ុយក្រែនមិនបែក។ ថ្វីបើយ៉ាងណាក្តី នេះគ្រាន់តែជាការប៉ាន់ស្មានពីភាគីម្ខាងនៃសង្រ្គាមប៉ុណ្ណោះ៕

ប្រភព៖ ​ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា