អន្តរជាតិ

អ៊ីតាលី ជប៉ុន អង់គ្លេស ប្រកាសគម្រោងបង្កើតយន្តហោះចម្បាំងថ្មីកំពូលផុតលេខ

ស្របពេលដែលពិភពលោកកំពុងអស្ថិរភាព ប្រទេសអ៊ីតាលី ជប៉ុន និងចក្រភពអង់គ្លេស បានប្រកាសគម្រោងផែនការបង្កើតយន្តហោះចម្បាំងថ្មីកំពូលផុតលេខនៅឆ្នាំ២០៣៥។

យោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ នៅថ្ងៃសុក្រទី ៩ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងពីសេចក្តីថ្លែងការណ៍រួមបីប្រទេសរបស់អ៊ីតាលី ជប៉ុន និងចក្រភពអង់គ្លេស ទៅលើគម្រោងអភិវឌ្ឍន៍យន្តហោះចម្បាំងស៊េរីកំពូលចុងក្រោយ ក្រោមកិច្ចសហការ Global Combat Air Program ហៅកាត់(GCAP)។ តាមសេចក្តីថ្លែងការណ៍ កិច្ចព្រមព្រៀងនេះមានគោលបំណងបង្កើត​យន្តហោះចម្បាំងជួរមុខកម្រិតខ្ពស់ឱ្យដំណើរការនៅឆ្នាំ ២០៣៥ ដោយរួមបញ្ចូលគ្នានូវបច្ចេកវិទ្យា​បីប្រទេស ដឹកនាំដោយចក្រភពអង់គ្លេស បូកជាមួយនឹងកម្មវិធី F-X ដ៏ជឿនលឿនរបស់ប្រទេសជប៉ុន។

មេដឹកនាំប្រទេសទាំងបីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “យើងប្តេជ្ញារក្សានូវ​សណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ស៊េរី និងបើកចំហ ដែលមានសារសំខាន់​ជាងពេលណាៗទាំងអស់ ចំពេលដែលគោលការណ៍នេះកំពុងប្រកួតប្រជែងលើពិភពលោក មានការគំរាមកំហែង និងការឈ្លានពានកំពុងកើនឡើង”។ “គម្រោងនេះត្រូវបាន​រៀបចំឡើងជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើងដោយស្មោះស្ម័គ្រ ជាមួយនឹង “អន្តរប្រតិបត្តិការនាពេលអនាគត” ទាំងនៅក្នុងសហរដ្ឋអាម៉េរិក អឺរ៉ុប អង្គការណាតូ និងអាស៊ីប៉ាស៊ីហ្វិក។

គួរសង្កេតថា កិច្ចព្រមព្រៀងនេះកើតឡើងបន្ទាប់ពីចិនបានបង្កើនសកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់ ដែលខ្លួនអះអាងថាជាកម្មសិទ្ធិរបស់ខ្លួន និងនៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។ ពិសេសជាងនេះ​កើតឡើងក្នុងពេលពិភពលោកអស្ថិរភាពក្នុងវិបត្តិសង្រ្គាម រុស្ស៊ី-អ៊ុយក្រែន៕

ប្រភព៖ ​ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា