អន្តរជាតិ

រុស្ស៊ីព្រួយបារម្ភសុវត្ថិភាពតំបន់គ្រីមៀរ ក្រោយអ៊ុយក្រែនវាយចូលជ្រៅមូលដ្ឋានទ័ពអាកាស

រុស្ស៊ីសំដែងការព្រួយបារម្ភគួរឲ្យកត់សម្គាល់ជុំវិញសុវត្ថិភាពតំបន់គ្រីមៀរ បន្ទាប់ពីអ៊ុយក្រែន​នៅរយៈពេល​ចុងក្រោយនេះហាក់ដូចជាបង្កើនការវាយប្រហារចូលជ្រៅដីរុស្ស៊ី។

ទោះបីជាមិនមានការផ្ទៀងផ្ទាត់ច្បាស់លាស់ថាអ៊ុយក្រែនជាអ្នកវាយប្រហារមូលដ្ឋានទ័ពអាកាសរុស្ស៊ីនៅសប្តាហ៍នេះក៏ដោយ ប៉ុន្តែខាងក្រសួងការពារជាតិរុស្ស៊ីបានចាត់ទុករួចហើយថាជាការបង្កហេតុភេរវកម្ម​របស់​របបទីក្រុងគៀវ។ វិមានក្រឹមឡាំងកាលពីថ្ងៃព្រហស្បតិ៍ទី ៨ ខែធ្នូ បានសំដែងការព្រួយបារម្ភគួរឲ្យ​កត់សម្គាល់ទៅកាន់អ្នកសារព័ត៌មានអំពីសុវត្ថិភាពតំបន់គ្រីមៀរ ភ័យខ្លាចអ៊ុយក្រែននឹងបើកការវាយ​ប្រហារ​ចលាចលនៅគ្រីមៀរ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានមានប្រសាសន៍​ថា “ពិតជាមានហានិភ័យ ដោយសារតែភាគីអ៊ុយក្រែនបន្តគោលនយោបាយរបស់ពួកគេក្នុងការរៀបចំ​ការ​វាយប្រហារភេរវកម្ម”។ “ប៉ុន្តែ​យ៉ាងណាមិញ ព័ត៌មាន​ដែល​យើង​ទទួលបាន​ គឺថារដ្ឋបាលបាន​កំពុងចាត់វិធានការ​ប្រឆាំង​ដ៏​មាន​ប្រសិទ្ធភាព​ហើយ”។

សូមរំលឹកថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចុងក្រោយទៅលើ​មូលដ្ឋានទ័ពអាកាសរុស្ស៊ីសម្លាប់មនុស្ស៣នាក់ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានទៅត្រួតពិនិត្យស្ពានតភ្ជាប់នៅតំបន់គ្រីមៀរ៕

ប្រភព៖ ​ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា