សន្ដិសុខសង្គម

រថយន្តទំនើបបុកគ្នាពេញទំហឹង បណ្ដាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់

ភ្នំពេញ៖រថយន្តទំនើបម៉ាក Ford raptor និងម៉ាកFord ranger បានបុកគ្នាត្រង់ផ្លូវបំបែកជាបួនភ្លើងស្តុប​ពេញទំហឹងបណ្ដាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់ធ្ងរត្រូវដឹកទៅមន្ទីរពេទ្យភ្លាមៗ ។

គ្រោះថ្នាក់ចរាចរនេះបានកើតឡើងស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី កែងនឹងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាទៀបភ្លឺថ្ងៃទី៩ ខែធ្នូ។

អ្នកឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា ដំបូងរថយន្តម៉ាក Ford ranger ផ្លាកលេខភ្នំពេញ 2BC-1826 បើកចេញពីផ្លូវភ្លោះពីកើតទៅលិចក្នុងល្បឿនលឿន។មកដល់ផ្លូវបំបែកជាបួនឆ្លងភ្លើងស្តុប​បានពាក់កណ្តាលស្រាប់តែមានរថយន្តម៉ាក Ford Raptor ផ្លាកលេខកម្ពុជា BUNT6189 រួមដំណើរ២នាក់បើកតាមផ្លូវព្រះមុនីវង្សពីត្បូងទៅជើងក្នុងល្បឿនលឿន។រថយន្តនេះបានជ្រុលបុករថយន្ត Ford ranger ចំកណ្ដាលពេញទំហឹង បណ្ដាលឱ្យរថយន្តទាំង២គ្រឿងរងការខូចខាតខ្ទេចខ្ទីនិងមនុស្សរងរបួសធ្ងន់២នាក់។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍បានចុះវាស់វែងនិងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕ដោយ៖វិចិត្រ