អន្តរជាតិ

មិនធម្មតា​ទេ ក្នុងចំណោម​និស្សិត​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​៨៥​នាក់ មាន២៥​នាក់ មាន​អាជីវកម្ម​ផ្ទាល់ខ្លួន​

ភ្នំពេញ​៖ វិទ្យាស្ថាន​ស៊ី​អ៊ី​អូនៅ​ថ្ងៃទី​០៩ខែធ្នូ ឆ្នាំ​២០២២​នេះបានរៀបចំ​កម្មវិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​​និង​បរិ​ញ្ញ​ប​ត្រ​រង​លើក​ទី​១ សម្រាប់​ឆ្នាំ​សិក្សា​២០២១-២០២២ សរុប​ចំនួន​៨៥​នាក់ (​ស្រី​៥៩) ដែល​ធ្វើឡើង​នៅ​អគារ Kampus (​ក្បាលថ្នល់​) ក្រោម​វត្តមាន​លោក​គ្រូធំ អោម សេង​បូរ៉ា ស្ថាបនិក​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ និង CEO Group​។​

​លោកគ្រូ អោ ប៊ុននាង នាយករង​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ បាន​ថ្លែងថា គិត​ចាប់ពី​ឆ្នាំ​២០១៥ ដល់​២០២២​នេះ វិទ្យាស្ថាន​ស៊ី​អ៊ី​អូ បាន​នឹង​កំពុង​ធ្វើ​ការ​បណ្តុះបណ្តាល​និង​បង្វឹក​និស្សិត​ទាំង​ថ្នាក់​បរិញ្ញាបត្ររង និង​បរិញ្ញាបត្រ​សរុប​ទាំងអស់ ៤៧៧​នាក់ (​ស្រី​២៧២​នាក់​) ក្នុងនោះ​មាន​និស្សិត​​អាហារូបករណ៍​ចំនួន​៤១​នាក់ (​ស្រី​២១​នាក់​)​។​

លោកគ្រូ បាន​ថ្លែង​ឱ្យដឹងទៀតថា ឈរលើ​វឌ្ឍនភាព​ក្នុង​ឆ្នាំ​សិក្សា​២០២២-២០២៣ និង​នា​ថ្ងៃ​អនាគត វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​គ្រោង​បង្កើត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ​ជំនា​ន់ទី​១ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​លើ​ជំនាញ​នេះ​និង​សម្រាប់​​និស្សិត​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​ដែល​មានបំណង​ចង់​បន្ត​ការសិក្សា​កម្រិត​ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា​។​

​លោក​នាយករង​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​បាន​បន្តថា​៖ ទន្ទឹមនឹង​ការបើក​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ វិទ្យាស្ថាន​ក៏​គ្រោង​នឹង​បើក​ថ្នាក់​បរិញ្ញាបត្រ​បន្ថែម​លើ​ជំនាញ​គ្រប់គ្រង​សង្វាក​ផលិតកម្ម​អន្តរជាតិ​និង​ភស្តុភារ ដែលជា​ជំនាញ​ថ្មី​មួយ​មាន​តម្រូវការ​ទីផ្សារការងារ​ខ្ពស់ និង​ឆ្លើយតប​ទៅនឹង​ពាណិជ្ជកម្ម​អន្តរជាតិ និង​ចរន្ត​សាកល​ភា​វូប​-​នីយកម្ម​នាពេល​បច្ចុប្បន្ន​។​

​ដើម្បី​ឆ្លើយតប​ទៅនឹង​ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​គ្រោង​នឹង​កែប្រែ​កម្មវិធីសិក្សា​ពី​ខេមរភាសា(K-Track)ទៅ​ជា​​ការបណ្តុះបណ្តាល​អ​ន្ត​រ​ជាតិ ប្រើប្រាស់​ភាសា​អង់គ្លេស​ជាយា​ន្ត (I-Track) ដោយ​ការបង្កើត​វគ្គ​បំប៉ន​ភាសា​អង់គ្លេស ក្នុង​កម្មវិធី​បណ្តុះ​បណ្តាល​ភាសា​អន្តរជាតិ​ដែល​តម្រូវ​ឲ្យ​និស្សិត​ត្រូវ​បញ្ចប់​ការសិក្សា​ថ្នាក់​ត្រៀម​ភាសា​អង់គ្លេស មុននឹង​ចូលរៀន​កម្រិត​ថ្នាក់​បរិញ្ញា​បត្រ​លើ​ជំនាញ​ឯកទេស​។​

​លោកគ្រូ​នាយករង​បាន​បន្ថែមទៀតថា​៖ ក្រៅពី​វគ្គ​ភាសា​អង់គ្លេស វិទ្យាស្ថាន​នឹង​បើក​ថ្នាក់​បណ្តុះបណ្តាល​រយៈពេល​ខ្លី​ដោយ​ផ្តោតលើ​ទ្រឹស្តីនិង​ការអនុវត្ត​ជាក់ស្តែង​លើ​ជំនាញ​ភាសា​អង់គ្លេស និង​ភាសា​ចិន ជំនាញ​រដ្ឋបាល​និង​លេខាធិការ ជំនាញ​ទីផ្សារ​ឌីជីថល និង​ជំនាញ​គ្រប់គ្រង​ធនធានមនុស្ស​ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ទីផ្សារការងារ​នា​ពេលបច្ចុប្បន្ន និង​អនាគត​។​

​លោក​គ្រូធំ អោម សេង​បូរ៉ា ស្ថាបនិក​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​បាន​មានប្រសាសន៍ថា​៖​លោក​សូម​អបអរសាទរ ដល់​និស្សិត​ជ័យលាភី​ទាំងអស់​នៅថ្ងៃនេះ ហើយ​លោក​គ្រូធំ​ពិតជា​ចង់ឃើញ​និស្សិត​បង្កើត​សហគ្រាស​ផ្ទាល់ខ្លួន​ដែល​អាចបង្កើត​ផលិតផល​សេវាកម្ម​ឆ្លើយតប​នឹង​តម្រូវ​កា​រ​សង្គម​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ និង​ការបង់ពន្ធ​ដើម្បី​ចូលរួមចំណែក​ជំរុញ​សេដ្ឋកិច្ចជាតិ​របស់​យើង​។

លោក​គ្រូធំ បាន​គូស​បញ្ជាក់ទៀតថា​៖​ជោគជ័យ​របស់​និស្សិត គឺជា​ជោគជ័យ​របស់​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​។ដូច្នេះ​និស្សិត​ត្រូវ​ត្រៀមខ្លួន​បានឱ្យ​ល្អ​​​ក្នុង​កាំជណ្តើរ​អ្នកមាន គឺ​ធ្វើ​ការងារ​ឱ្យ​ក្លាយជា​បុគ្គលិក​ឆ្នើម ក្លាយជា​ប្រធាន​ឆ្នើម​និង​ដៃគូ​ឆ្នើម​។

​លោក​គ្រូធំ បានផ្តល់​អនុសាសន៍​ដ​ល់​និស្សិត​ជ័យលាភី​បន្ថែមថា ការទទួល​សញ្ញាបត្រ​នេះ​មិនមែនជា​ការបញ្ចប់​ការបន្ត​រៀនសូត្រ​នោះទេ​ត្រូវ​បន្ត​ការកសាង​សមត្ថភាព ព្រោះ​ការរៀនសូត្រ​គ្មាន​ទីបញ្ចប់​ឡើយ​។ កំហុស​ដ៏​ធំ​របស់​មនុស្ស គឺ​ចង់​ធ្វើ​ធំ តែ​អត់​បាន​កសាង​សមត្ថភាព​។ ដូច្នេះ​ចង់ឱ្យ​សុបិន​ក្លាយជា​ការពិត សមត្ថភាព​ត្រូវតែ​ធំ​ជា​គោលដៅ​។​

​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ ជា​វិទ្យាស្ថាន​មួយ​ឈានមុខ​គេ​លើ​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ និង​ជា​ស្ថាប័ន​ឧ​ត្ត​មសិ​ក្សា​មួយ​តែមួយគត់​ដែល​ធ្វើការ​បណ្តុះបណ្តាល​ឈរលើ​គោលការណ៍ “​ការអប់រំ​ដែលមាន​មូលដ្ឋាន​លើ​ការអនុវត្ត​ការងារ Work Based Education Program” នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ឈរលើ​ទ្រឹស្តី​២០% និង​ការអនុវត្ត​ជាក់ស្តែង​៨០%​។​

សូមបញ្ជាក់ថា គិត​មកដល់​ពេលបច្ចុប្បន្ន និស្សិត​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​បរិញ្ញាបត្រ មានការ​ងារ​ធ្វើ និង​មាន​អាជីវកម្ម​ផ្ទាល់ខ្លួន​សរុប ៨៥​នាក់ (​អាជីវកម្ម​ផ្ទាល់ខ្លួន​មាន​២៥​នាក់​) និង​និស្សិត​ឆ្នាំ​ទី​២​មានការ​ងារ​ធ្វើ​៣៥​នាក់ (​អាជីវកម្ម​ផ្ទាល់ខ្លួន​៤​នាក់​) និស្សិត​ឆ្នាំ​ទី​៣​មានការ​ងារ​ធ្វើ​៤៣​នាក់​(​អាជីវកម្ម​ផ្ទាល់ខ្លួន​១០​នាក់​) និង​និស្សិត​ឆ្នាំ​ទី​៤​មានការ​ងារ​ធ្វើ​២១​នាក់ (​អាជីវកម្ម​ផ្ទាល់ខ្លួន​២​នាក់​)៕​ដោយៈសិរីមតី