សេដ្ឋកិច្ច

ឆ្នេរ​ចំនួន​១១ ជាប់​ជ័យលាភី​ជា​ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត​ប្រចាំឆ្នាំ​២០២២

​ព្រះសីហនុ​៖ ចលនា​ប្រឡងប្រណាំង​ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត​លើក​ទី​៣ ឆ្នាំ​២០២២ បាន​វាយតម្លៃ​និង​ផ្ដល់​ជ័យលាភី​ដល់​ឆ្នេរ​ខ្សាច់​កម្សាន្ត​ចំនួន​១១​ឆ្នេរ ក្នុងនោះ​មាន​កម្រិត​ល្អ​ណាស់​៦​ឆ្នេរ និង​កម្រិត​មធ្យម​៥​ឆ្នេរ ក្នុងចំណោម​ឆ្នេរ​បេក្ខភាព​ចំនួន​២៧​ឆ្នេរ​នៅក្នុង​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។​

​លោក មុំ បូ​វី​ល លេខាធិការ​ក្រុមការងារ​ទទួលបន្ទុក​តាមដាន​និង​វាយតម្លៃ​ឆ្នេរ​កម្សាន្ត​នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់ គ្រង​និង​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​កម្ពុជា (​គ​.​អ​.​ឆ​.​ក​.) បានឱ្យដឹងថា បន្ទាប់ពី​ការដាក់ចេញ​នូវ​ចលនា​ប្រឡងប្រណាំង​ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត​លើក​ទី​៣ ឆ្នាំ​២០២២​ក្រុមការងារ​ទទួលបន្ទុក​តាមដាន​និង​វាយតម្លៃ​ឆ្នេរ​ខ្សាច់​កម្សាន្ត បាន​ចុះ​ត្រួតពិនិត្យ​និង​វាយតម្លៃ​ឆ្នេរ​បេក្ខភាព​ចំនួន​២៧​នៅតាម​បណ្តា​ខេត្ត​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ក្នុងនោះ​នៅ​ខេត្ត​កែប​មាន​ចំនួន​៦​ឆ្នេរ ខេត្តកោះកុង​ចំនួន​៥​ឆ្នេរ និង​ខេត្ត​ព្រះសីហនុ​ចំនួន​១៦​ឆ្នេរ​។​

​ជា​លទ្ធផល ឆ្នេរ​ខ្សាច់​កម្សាន្ត​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ជា​ឆ្នេរ​ស្អាត «​កម្រិត​ល្អ​ណាស់​» មាន​ចំនួន​៦​ឆ្នេរ រួមមាន​៖​ខេត្ត​កែប​មាន​២​ឆ្នេរ​៖ ឆ្នេរកែប និង​ឆ្នេរ​កោះទន្សាយ​។​​ខេត្ត​ព្រះសីហនុ​មាន​៤​ឆ្នេរ​៖ ឆ្នេរ​សុខា ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​អូរត្រេះ និង​ឆ្នេរ​ឋានសួគ៌​។​

​ឆ្នេរ​ខ្សាច់​កម្សាន្ត​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ជា​ឆ្នេរ​ស្អាត «​កម្រិត​មធ្យម​» មាន​ចំនួន​៥​ឆ្នេរ រួមមាន​៖ ខេត្តកោះកុង​មាន​១​ឆ្នេរ​៖ ឆ្នេរ​កោង​កាង​។​ខេត្ត​ព្រះសីហនុ​មាន​៤​ឆ្នេរ​៖ ឆ្នេរ​ឯករាជ្យ ឆ្នេរ​សុខសាន្ត (​គ្រប់គ្រង​ដោយ​សហគមន៍​) ឆ្នេរ​កោះរ៉ុង និង​ឆ្នេរ​ប្រាសាទ​។​

​លោក មុំ បូ​វី​ល បានបញ្ជាក់​ទៀតថា សម្រាប់​ឆ្នេរ​ខ្សាច់​កម្សាន្ត​ណា​ដែល​មិន​ទទួលបាន​ចំណាត់ថ្នាក់ ក្រុមការងារ​ទទួលបន្ទុក​ត្រូវ​រៀបចំ​ផែនការ និង​មាន​ចំណាត់ការ​កែលម្អ​ជាបន្ទាន់ ហើយ​ត្រូវ​វាយតម្លៃ​ឡើងវិញ​នាពេល​៣​ខែ​បន្ទាប់​។​
​ចំពោះ​ឆ្នេរ​ដែល​ពុំ​ទទួលបាន​ចំណាត់ថ្នាក់ រួមមាន​៖
* ខេត្តកោះកុង មាន​ឆ្នេរ​នេសាទ ឆ្នេរ​អាវ​ស៊ីវ​វង់ ឆ្នេរ​ពយ​ស្ងា​យ និង​ឆ្នេរ​ប៉ាក់​ខ្លង​។​
* ខេត្ត​កែប មាន​ឆ្នេរ​អង្កោល ឆ្នេរ​ដើម​បើ​ស ឆ្នេរ​កំពង់​សារាយ និង​ឆ្នេរ​កោង​កាង​។​
* ខេត្ត​ព្រះសីហនុ មាន​ឆ្នេរ​ជំទាវ​ម៉ៅ ឆ្នេរ​ព្រែកត្រែង ឆ្នេរ​ដូង ឆ្នេរ​រ៉ុង​សន្លឹម ឆ្នេរ​កោះ​តូច ឆ្នេរ​លំហែ ឆ្នេរ​២៣ និង​ឆ្នេរ​ខ្សាច់​ស​៕​ដោយៈផាវី