សន្ដិសុខសង្គម

ចាប់ជនសង្ស័យ៤នាក់ពាក់ព័ន្ធប្រើឧបករណ៍ឆក់ត្រី

កំពង់ធំ​៖កម្លាំងនគរបាលស្រុកតាំងគោក បានចុះចាប់ជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធប្រព្រឹត្ត​បទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ត្រីខុសច្បាប់។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា អាជ្ញាធរបានចុះប្រតិបត្តិការចាប់ជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធបទល្មើសនេសាទប្រើឧបករណ៍ឆក់ត្រីនៅម្តុំកងពលខាងលិច ភូមិខ្ញោម ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីយប់ថ្ងៃទី៨ ខែធ្នូឆ្នាំ២០២២។

លោកវរសេនីយ៍ឯក សន តាល់ អធិការនគរបាលស្រុកតាំងគោកបានឱ្យដឹងថា លោកបានដឹកនាំកម្លាំង​ចុះបង្ក្រាបនៅកន្លែងប្រព្រឹត្តបទល្មើសដោយឃាត់ខ្លួនមនុស្ស៤នាក់។ជនសង្ស័យ​ឈ្មោះម៉ិកម៉ាច អាយុ៤៧ឆ្នាំ-ឈ្មោះហ៊លបុល អាយុ៤៧ឆ្នាំ-ឈ្មោះជឹមវិត អាយុ៤២ឆ្នាំ និងឈ្មោះសែមវ័យ អាយុ៣៧ឆ្នាំ។ទាំង៤នាក់នេះនៅភូមិខ្ញោម ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ ។

ពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងបទល្មើសដូចជាអាគុយ៤០វ៉ុលចំនួន៥ ម៉ូទ័រឆក់ត្រីចំនួន​៥គ្រឿង-ម៉ូតូ៤គ្រឿង-ត្រីចម្រុះ២០គីឡូក្រាម ហើយបានបញ្ជូនជនសង្ស័យនិង​ឧបករណ៍ល្មើសច្បាប់ប្រគល់ឱ្យផ្នែកជលផលដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ