អន្តរជាតិ

ក្លាយជាវីរបុរសអ៊ុយក្រែន ក្រោយបាញ់ទម្លាក់យន្តហោះគ្មានមនុស្សសត្រូវ៥គ្រឿង និងមីស៊ីល២គ្រាប់

អ្នកបើកយន្តហោះចម្បាំងអ៊ុយក្រែន លោក Vadym Voroshylov បានទទួលងារជាវីរបុរសពីលោក​ហ្សេឡិនស្គី ក្រោយហ៊ានប្រថុយជីវិតបាញ់ទម្លាក់យន្តហោះគ្មានមនុស្សសត្រូវ៥គ្រឿង និងមីស៊ីល២គ្រាប់។

យោងតាមកាសែតជាតិអ៊ុយក្រែនប្រាវដា អ្នកបើកយន្ដហោះខាងលើបានទទួលជោគជ័យពិតប្រាកដ​មែនក្នុងការបំពេញកាតព្វកិច្ចបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកផលិតដោយអ៊ីរ៉ង់ បញ្ជាដោយរុស្ស៊ីចំនួន៥គ្រឿង ព្រមទាំងមីស៊ីលចំនួន២គ្រាប់បន្ថែមទៀតនៅតំបន់ Vinnytsia ភាគកណ្តាលអ៊ុយក្រែន។ រូបភាពដែល Vadym Voroshylov រូបនេះបានថត ក្នុងស្ថានភាពរបួសក្បាល មុខប្រឡាក់សុទ្ធតែឈាម គឺបានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកលេងសង្គម​ពិភពលោក ជនរួមជាតិអ៊ុយក្រែន ពិសេសបានទទួលការផ្តល់ងារជាវីរបុរសយោធាខ្ពស់បំផុត​របស់អ៊ុយក្រែនពី​ប្រធានាធិបតីហ្សេឡិនស្គីទៀតផង។

យោងតាមប្រភពដដែល រូបខាងលើត្រូវបានថតភ្លាមៗ ក្រោយ Vadym Voroshylov បានលោតចេញពី​យន្តហោះចម្បាំង MiG-29 របស់លោក ក្រោយបុកផ្ទុះនឹងយន្តហោះគ្មានមនុស្សបើក។ ទោះបីជាលោក Vadym ធ្លាប់បានរិះគន់ទៅលើវិស័យកងអាកាសអ៊ុយក្រែនដោយសារប្រាក់ខែទាប យន្តហោះចាស់ៗ​ក៏ដោយ តែលោកនៅតែបានប្តេជ្ញាចិត្តជាតិនិយមទប់ទល់នឹងការ​ឈ្លានពានរបស់រុស្ស៊ី៕

ប្រភព៖ ​  Pravda

ប្រភពរូប៖Pravda
ប្រែសម្រួល៖សុខ តុលា