សេដ្ឋកិច្ច

ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន​២ កំពុង​រៀបចំខ្លួន​ចុះបញ្ជី​ផ្សារ​ហ៊ុន នៅ​ឆ្នាំ​២០២៣

​ភ្នំពេញ​៖ ក្រុមហ៊ុន​សហគ្រាស​កែច្នៃ​ចំណីអាហារ និង​ក្រុមហ៊ុន​បម្រើសេវា​កម្ម​អប់រំ ចំនួន២បាននិងកំពុង​រៀបចំ​ខ្លួន ចុះបញ្ជី​ក្នុង​ផ្សារ​ហ៊ុន នៅ​ឆ្នាំ​២០២៣ ដើម្បី​បោះផ្សាយ​មូល​ប​ត្រលក់​ជា​សាធារណៈ កៀរគរ​ទុន​ពី​សាធារណជន សម្រាប់​ពង្រីក​អាជីវកម្ម​បន្ថែម​។​

​លោក ស៊ូ សុជាតិ ប្រ​ភិ​រាជរដ្ឋាភិបាល​ទទួលបន្ទុក ជា​អគ្គនាយក​នៃ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុន​ធំៗ​ចំនួន​២ ដែលមាន​ដំណើរការ​អា​ជីវ​កម្ម​ពី​១០​ទៅ​២០​ឆ្នាំ បាន​សម្តែង​ឆន្ទៈ​ក្នុងការ​រៀបចំខ្លួន ក្នុងការ​បោះផ្សាយ​មូល​ប​ត្រ នាពេល​មុខ​នេះ គឺ​ក្រុមហ៊ុន នំ​ស្រួយ​លី​លី របស់លោក​ស្រី កែវ មុំ និង​ក្រុមហ៊ុន ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន​។​លោក​បញ្ជាក់ថា ក្រុមហ៊ុន​ទាំងនេះ​នឹង​បោះផ្សាយ​ជា​ប្រភេទ​មូល​ប​ត្រ​កម្មសិទ្ធិ ដែល​នេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយ សម្រាប់​វិស័យ​មូល​ប​ត្រ​កម្ពុជា នៅ​ឆ្នាំ​ក្រោយនេះ​។​

លោក​គូសបញ្ជាក់​បន្ថែមថា​៖​ការឈាន​ជើង​ចូល​របស់​ក្រុមហ៊ុន​ទាំងពីរ នៅក្នុង​ផ្សារ​ហ៊ុន​កម្ពុជា គឺជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​បង្ហាញថា ចាប់ផ្តើម​ហើយ បន្ទាប់ពី​ដំណាក់កាល​អាក់ខាន​ខ្លះ ក្នុង​បរិបទ​នៃ​ភាព​ប្រឈម​ក្នុងសម័យ​កូ​វីដ តែ​ឥឡូវ គឺជា​ដំណាក់កាល​មួយ ដែល​ក្រុមហ៊ុន​ចាប់ផ្តើម​កំរើក ហើយ​ការ​កំរើកខ្លួន​លើក​នេះ គឺ​ការ​កំរើកខ្លួន​នូវ​ការ​រួចរាល់​តែម្តង សម្រាប់​ការឈាន​ជើង​ចូល​ទីផ្សារ​មូល​ប​ត្រ​។ ការចូល​ខ្លួន​ក្នុង​ផ្សា​រមូល​ប​ត្រ ភារកិច្ច​សំខាន់ គឺ​ក្រុមហ៊ុន​ខ្លួនឯង បើសិនជា​ក្រុមហ៊ុន​គាត់​រួចរាល់​ឯកសារ​មាន​ទាំងអស់ អីចឹង​នៅ​ឆមាស​ទី​១ ឆ្នាំ​២០២៣ គាត់​អាច​ចូល​បាន ប៉ុន្តែ​បើ​គាត់​ខ្វះខាត វា​អាច​នឹង​ដំណើរការ​បន្ថែម​បន្តិចទៀត​។ ប៉ុន្តែ​ទស្សនៈវិស័យ​របស់​ក្រុមហ៊ុន​បានបញ្ជាក់​មក​យើងខ្ញុំ​ហើយ​ថា គាត់​ចង់បាន​នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៣»​។​

​សូមជម្រាបថា បច្ចុប្បន្ន​ផ្សារ​មូល​ប​ត្រ​កម្ពុជា មាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន​១៦ ក្រុមហ៊ុន ក្នុងនោះ​មាន​ក្រុមហ៊ុន​ចុះបញ្ជី​មូល​ប​ត្រ​កម្មសិទ្ធិ​ចំនួន ៩ ក្រុមហ៊ុន និង​ក្រុមហ៊ុន​ចុះបញ្ជី​មូល​ប​ត្រ​បំណុល​ចំនួន​៧ ក្រុមហ៊ុន​៕​ដោយៈសិរីមតី