អន្តរជាតិ

UN៖ រុស្ស៊ី​បាន​សម្លាប់​ជន​ស៊ី​វិល​អ៊ុយក្រែនយ៉ាងតិច​៤៤១​នាក់​អំឡុងខែដំបូងនៃ​សង្គ្រាម

អង្គការសហប្រជាជាតិបញ្ចេញរបាយការណ៍ផ្លូវការថា នៅអំឡុងខែដំបូងនៃសង្រ្គាមឆ្នាំ២០២២នេះ រុស្ស៊ីបានសម្លាប់ជនស៊ីវិលអ៊ុយក្រែនយ៉ាងតិចណាស់៤៤១នាក់។

យោងតាមការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ហៅកាត់ (OHCHR) បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃទី ៧ ខែធ្នូថា ចំនួនជនរងគ្រោះ​ពិតប្រាកដនៅក្នុងតំបន់ទីក្រុងគៀវ Kyiv, Chernihiv និង Sumy អាចនឹងមានច្រើនជាងនេះ។ របាយការណ៍ការស៊ើបអង្កេតផ្ទៀងផ្ទាត់ច្បាស់លាស់ គិតចាប់ពីថ្ងៃទី២៤ កុម្ភៈ ដល់ដើមខែមេសា ឆ្នាំ២០២២ បន្ទាប់ពីរុស្ស៊ីបានដកទ័ពចេញពីតំបន់ទាំងបីនេះបានបង្ហាញថា កង​កម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ី​បានធ្វើឲ្យជន​ស៊ីវិល​ចំនួន ៤៤១ នាក់បានស្លាប់ ក្នុងនោះរួមមាន (បុរស ៣៤១ នាក់ ស្ត្រី ៧២ នាក់ ក្មេងប្រុស ២០ នាក់ និងក្មេងស្រី ៨ នាក់)។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Türk បាននិយាយនៅក្នុង​សេចក្តីថ្លែងការណ៍ថា “ការចង្អុលបង្ហាញយ៉ាងមុតមាំពីការប្រហារជីវិត​ដែលបានចងក្រង​ជាឯកសារ​នៅក្នុងរបាយការណ៍ គឺជាឧក្រិដ្ឋកម្មសង្គ្រាមដោយចេតនា”។

គិតត្រឹមថ្ងៃទី ៤ ខែធ្នូ OHCHR ធ្លាប់បានរាយការណ៍ថា អ្នកស្លាប់ដែលជាជនស៊ីវិលអ៊ុយក្រែនសរុប​ទូទាំងប្រទេសមានចំនួន ៦.៧០២ នាក់៕

ប្រភព៖ ​REUTERS

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា