អន្តរជាតិ

អាម៉េរិក និងរុស្ស៊ីដណ្តើមគ្នាលក់អាវុធឲ្យប្រទេសវៀតណាមក្នុង​ពិព័រណ៍​អាវុធ

សហរដ្ឋអាម៉េរិកនិងរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ទី ៨ខែធ្នូនេះ បានដណ្តើមគ្នាសម្ញែងអាវុធ​យ៉ាងខ្លាំង​ក្នុងការតាំងពិព័រណ៍ទីក្រុងហាណូយ ក្នុងគោលបំណងចង់លក់ឲ្យវៀតណាមទិញ។

យោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័របានឲ្យដឹងថា ក្រុមហ៊ុនការពារជាតិអាម៉េរិកនិងរុស្ស៊ី បានប្រជែងគ្នាយ៉ាងខ្លាំងក្នុងចំណោមអ្នកលក់ទាំង១៧៤ មកពី៣០ប្រទេស ក្នុងអំឡុងព្រឹត្តិការណ៍តាំងពិព័រណ៍អាវុធទ្រង់ទ្រាយធំលើកដំបូងនៅឯមូលដ្ឋានទ័ពអាកាសទីក្រុងហាណូយប្រទេសវៀតណាម។​ ភាគីទាំងពីរបានចាប់ផ្តើមដោយការដាក់បង្ហាញគ្រឿងប្រយុទ្ធកំពូលៗ និងទំនើបៗ ចាប់ពីអាវុធធុនតូច រហូតដល់យន្តហោះគ្មានមនុស្សបើក រថពាសដែក ឧទ្ធម្ភាគចក្រ យន្តហោះចម្បាំងសាហាវៗ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំនៅវៀតណាម លោក Marc Knapper បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅខាងក្រៅព្រឹត្តិការណ៍នេះថា ពិព័រណ៍អាវុធ “តំណាងឱ្យដំណាក់កាលថ្មីមួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងសកលភាវូបនីយកម្ម ពិពិធកម្ម និងទំនើបកម្ម ហើយសហរដ្ឋអាម៉េរិកពិតជាចង់ក្លាយជាផ្នែកមួយរបស់វៀតណាម”។

បើទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បាននិយាយនៅឯពិធីបើកព្រឹត្តិការណ៍នេះថា ទីក្រុងហាណូយមានគោលបំណងធ្វើពិពិធកម្មប្រភពអាវុធ ក្នុងគោលបំណងការពារប្រទេសជាតិ និងប្រជាជន តែលោកមិនបានបង្ហាញទំនោរទិន្នាការទៅ​ខាងណានោះទេ។គួរឲ្យដឹងផងដែរថាប្រទេសវៀតណាម គឺពឹងផ្អែកវិស័យអាវុធលើរុស្ស៊ីស្ទើរ៨០% តែបានថយចុះនារយៈពេលចុងក្រោយនេះ ដោយសារខ្លាចទណ្ឌកម្មអាម៉េរិក៕

ប្រភព៖ ​ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា