អន្តរជាតិ

អាម៉េរិកព្រួយបារម្ភកាន់តែខ្លាំងខ្លាចរុស្ស៊ី ប្រើអាវុធប្រល័យលោក ខណៈពូទីនបោះពាក្យសម្ដីប្លែកៗ

ក្រោយរុស្ស៊ីបានលុបចោលនូវកិច្ចចរចាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងបានបោះពាក្យសំដីប្លែកៗ សហរដ្ឋអាម៉េរិកបានសម្ដែងនូវក្តីបារម្ភកាន់តែខ្លាំង ខ្លាចរុស្ស៊ីប្រើអាវុធប្រល័យលោក និងបង្កើតលេស​ដោះសាតាមក្រោយ។

អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price បានបញ្ចេញសុន្ទរកថាថ្កោលទោស កាលពីថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២ថា “អ្នកណាដែលមើលស្រាលមិនចូលខ្លួនចរចាអាវុធ អ្នកនោះនឹងត្រូវទទួលខុសត្រូវរាល់ការបែកធ្លាយអាវុធនុយក្លេអ៊ែរទាំងស្រុង”។ លោកបន្តថា “កុំចង់លេងសើចជាមួយវា រាល់វោហារសាស្រ្តឌឺដងនុយ ក្លេអ៊ែរទាំងឡាយ អ្នកនឹងត្រូវទទួលខុសត្រូវ ព្រោះវាមានគ្រោះថ្នាក់ណាស់ និងផ្ទុយពីស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្នូលនៃរបបមិនរីកសាយភាយ​នុយក្លេអ៊ែរ ចាប់តាំងពីសង្គ្រាមត្រជាក់មក”។ ចាប់តាំងពីសង្រ្គាមត្រជាក់មក មហាអំណាចនុយក្លេអ៊ែរ​នៅជុំវិញពិភពលោក រួមទាំងប្រទេសចិន ឥណ្ឌា សហរដ្ឋអាម៉េរិក និងរុស្ស៊ី បានបញ្ជាក់យ៉ាងច្បាស់​ហើយថា “សង្រ្គាមនុយក្លេអ៊ែរ គឺជាអ្វីមួយដែលមិនអាចប្រយុទ្ធបាន និងមិនអាចឈ្នះគ្នាបានឡើយ”។

ការលើកឡើងនេះ បានកើតឡើងបន្ទាប់ពីកិច្ចចរចាគ្រប់គ្រងអាវុធនុយក្លេអ៊ែររវាងមហាអំណាច​អាម៉េរិកនិង​រុស្ស៊ីត្រូវបានបរាជ័យ។ ប្រធានាធិបតីរុស្ស៊ី វ្ល៉ា ឌឹមឿរពូទីន បានលុបចោលនូវកាល​វិភាគប្រជុំគ្រោងធ្វើឡើងនៅទីក្រុង Cairo ប្រទេសអេហ្ស៊ីប។ ជាមួយគ្នានេះ លោកពូទីនក៏បានបោះពាក្យ​សំដីប្លែកៗក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សប្រចាំឆ្នាំរបស់រុស្ស៊ីកាលពីថ្ងៃពុធថា “ភាពតានតឹងឈាន​ទៅរកអាវុធនុយក្លេអ៊ែរកំពុងកើនឡើងហើយ តែរុស្ស៊ីនឹងមិនប្រើវាមុនទេ”។ ពូទីនក៏បានអួតថា “រុស្ស៊ីមានអាវុធនុយក្លេ អ៊ែរទំនើប និងជឿនលឿនបំផុតក្នុងពិភពលោក ផ្ទុយពីយុទ្ធសាស្ត្រនុយក្លេអ៊ែរ​សហរដ្ឋអាម៉េរិក”។ យ៉ាងណាមិញ លោកបានរំលឹកដដែលៗថា “រុស្ស៊ីមិនឆ្កួត ហើយប្រើវាមុនទេ”៕

ប្រភព៖ ​REUTERS

ប្រភពរូប៖ ​REUTERS
ប្រែសម្រួល៖សុខ តុលា