សេដ្ឋកិច្ច

អភិបាលខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យមើល​ការរៀបចំ​កែលម្អ​សោភ័ណភាព​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ និង​មហាសន្និបាត​ក្លឹប​ឆ្នេរសមុទ្រ

​ព្រះសីហនុ​៖ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​កាលពី​ពាក់កណ្តាល​សប្តាហ៍​នេះ​បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​មន្ទីរ​អង្គភាព​ជំនាញ​ចុះ​ពិ​និ​ត្កា​រ​រៀបចំ​កែលម្អ​សោភ័ណភាព និង​បរិស្ថាន​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ និង​មហាសន្និបាត​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​លើ​សកលលោក​ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះសីហនុ​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​ធ្វើការ​ណែនាំ​ឱ្យ​ក្រុមការងារ​ដំឡើង​ក្លោងទ្វារ​បុណ្យ​សមុទ្រ ត្រូវធ្វើ​យ៉ាងណា​ឱ្យមាន​ភាព​ទាក់ទាញ​ល្អ​ស្អាត និង​ការតំឡើង​ស្តង់​ពិព័រណ៍​ចំនួន​ជាង ៣០០​ស្តង់ នៅ​ទីលាន​តេ​ជោ ស្ថិតនៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​រួច​បន្តទៅ​ពិនិត្យ​សកម្មភាព​ការ​ឈូសឆាយ​សម្អាត​ឆ្នេរ​ខ្សាច​កម្សាន្ត​នៅ​ឆ្នេរ​អូរ​ឈើទាល ពិនិត្យ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​អូរ​ឈើទាល​ក្នុង​ទឹកដី​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ ។


​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​បន្តដំណើរ​ទៅពិនិត្យ​ទីតាំង​រង្វង់​មូល​ព្រះថោង​នាងនាគ នៅ​ឃុំ​បិត​ត្រាំ​ង និង​រង្វង់​មូល​ព្រះ​បដិមា ឧមា​ម​ហេ​ស្វរ នៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដើម្បី​អបអរសាទរ​ឆ្ពោះទៅ​បុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ និង​មហាសន្និបាត​ក្លឹប​ឆ្នេរ សមុទ្រ​ដែល​ស្អាត​ជាងគេ​លើ​សកលលោក​ឆ្នាំ​២០២២​នៅ​ខេត្ត​ព្រះសីហនុ​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២២​ខាងមុខ ៕​