អន្តរជាតិ

ហ្សេឡិនស្គីកោះប្រជុំអគ្គមេបញ្ជាការកំពូលពិភាក្សាវិបត្តិថាមពល និងយុទ្ធសាស្រ្តថ្មីវាយបករុស្ស៊ី

ដោយឡែកកាលពីថ្ងៃពុធទី៧ធ្នូ មេដឹកនាំអ៊ុយក្រែនលោកហ្សេឡិនស្គី បានកោះប្រជុំបុគ្គលិក​អគ្គមេបញ្ជាការយោធាកំពូលៗ ដើម្បីពិភាក្សាគ្នាអំពីវិបត្តិថាមពល និងយុទ្ធសាស្រ្តថ្មីវាយបករុស្ស៊ី។

នេះដោយយោងតាមការចុះផ្សាយដោយកាសែតជាតិអ៊ុយក្រែនប្រាវដា។ បើតាមសម្រង់កិច្ចប្រជុំត្រួសៗ ហ្សេឡិនស្គីបានលើកឡើងនូវការពិភាក្សា សួរនាំទៅកាន់មេបញ្ជាការអំពីស្ថានភាពនៅសមរភូមិជួរមុខ សួរនាំអំពីបរិមាណអាវុធ សុខទុក្ខទាហាន ក៏ដូចជាឱកាសនៃការវាយបកទទួលជ័យជម្នះលើរុស្ស៊ី។ ព័ត៌មានលម្អិត ប្រភពដដែលសុំលាក់ទុកនូវយុទ្ធសាស្រ្តសម្ងាត់ គ្រាន់តែបង្ហើបប្រាប់ថា អំឡុងកិច្ចប្រជុំ និងមិនទាន់បែងចែកយុទ្ធសាស្រ្តច្បាស់លាស់ អ៊ុយក្រែននឹងបន្ធូរដៃមិនសូវវាយបករុស្ស៊ីវិញនោះទេ។

ក្នុងការសន្ទនា មន្រ្តីក៏បានលើកឡើងនូវវិធីសាស្រ្តជួសជុលបណ្តាញអគ្គិសនីប្រកបដោយ​ប្រសិទ្ធភាពផងដែរ ស្របពេលដែលដែនអាកាសនៃប្រទេសកំពុងមានកម្រិតនៅឡើយ។ គួរសង្កេតថា កិច្ចប្រជុំស្វែងរកយុទ្ធសាស្រ្តនេះ បានកើតឡើងបន្តបន្ទាប់គ្នានឹងរុស្ស៊ី ខណៈរុស្ស៊ីក៏ទើបតែ​បានរៀបចំ​ដាក់ពង្រាយទ័ពបន្ថែមទៅកាន់តំបន់ប្រយុទ្ធសំខាន់ៗនៃប្រតិបត្តិការយោធាពិសេស ដែលលោកពូទីន​បាននិយាយថា ត្រូវការពេលយូរអង្វែងទៅមុខទៀត៕

ប្រភព៖ ​ PRAVDA

ប្រភពរូប៖PRAVDA
ប្រែសម្រួល៖សុខ តុលា